ថៃរំពឹងស្រូបទាញភ្ញៀវទេសចរបរទេសកើនដល់ ៣០លាននាក់នៅឆ្នាំ ២០២៣
បាងកក៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ប្រាក់ចំណូលទទួលបានពីវិស័យទេសចរណ៍របស់ប្រទេសថៃ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៣នេះ បានកើនឡើងដល់ ៩៥៩ពាន់លានបាត ក្នុងនោះភ្ញៀវទេសចរបរទេសបានរួមចំណែកជិតពីរភាគបី។
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានបញ្ជាក់ថា ប្រាក់ចំណូលទទួលបានពីទេសចរណ៍សម្រាប់ឆ្នាំ ២០២៣ គឺស្ថិតនៅលើផ្លូវដែលឈានដល់ ២.៣៨ទ្រីលានបាត ឬប្រហែល ៨០ភាគរយ នៃ ៣ទ្រីលានបាតដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩ មុនពេលផ្ទុះជំងឺកូវីដ ដែលធ្វើឱ្យឧស្សាហកម្មទេសចរណ៍ធ្លាក់ចុះជិតបីឆ្នាំ។
ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក យុតថាសាក់ ស៊ូផាស៊ន បាននិយាយថា គិតមកទល់ខែមិថុនាឆ្នាំនេះ ភ្ញៀវទេសចរថៃជិត ១០០លាននាក់បានរួមចំណែក ៣៦០ពាន់លានបាតពីការធ្វើដំណើរក្នុងស្រុក ខណៈដែលភ្ញៀវទេសចរបរទេស ១.៩៧លាននាក់ បាននាំយកប្រាក់ចំណូល ៥៩៩លានបាត។ ក្នុងខែឧសភាតែមួយប៉ុណ្ណោះ ភ្ញៀវបរទេស ១.៩៧លាននាក់បានចូលប្រទេសថៃ ដែលដឹកនាំដោយដំណើរទស្សនកិច្ចមកពីប្រទេសម៉ាឡេស៊ី បន្ទាប់មកគឺប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង និងឡាវ។
បើតាមអនុប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) ប្រទេសថៃបានកំណត់គោលដៅស្រូបទាញភ្ញៀវទេសចរបរទេសយ៉ាងហោចណាស់ ២៥លាននាក់ ក្នុងរយៈពេល ៧ខែទៀត ហើយរំពឹងថា នឹងមានការកើនឡើងក្នុងរយៈពេល ៣ខែចុងក្រោយនេះ។ ទន្ទឹមគ្នា អាជ្ញាធរទេសចរណ៍ថៃ (TAT) ក៏បានដាក់គោលដៅទាក់ទាញភ្ញៀវបរទេសពី ៣០ ទៅ ៣៥លាននាក់នៅឆ្នាំ ២០២៤ ផងដែរ ជាមួយនឹងប្រាក់ចំណូលសរុប ៣ទ្រីលានបាត៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា





