សម្ដេចតេជោ ហ៊ុន សែន៖ អ្នកមិនទៅបោះឆ្នោតនឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់តំណែងនានា នាពេលអនាគត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដោយការបង្ហាញពីទស្សនៈលើផ្លូវច្បាប់ថា អ្នកមិនទៅបោះឆ្នោត នឹងមិនអាចឈរ ឈ្មោះឱ្យគេបោះឆ្នោតសម្រាប់តំណែងនានា នាពេលអនាគតបានឡើយ។ នេះបើយោងតាមសារពិសេសជាសំឡេងដែលត្រូវបានផ្សព្វផ្សាយនារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។ សារដែលមានរយៈពេលជាង១២នាទីមានខ្លឹមសារថា៖ មួយរយៈចុងក្រោយនេះ ការជជែកវែកញែកអំពីសេរីភាពទាក់ទិនទៅនឹងការបោះឆ្នោត ត្រូវបានលើកឡើងជាបន្តបន្ទាប់ រាជរដ្ឋាភិបាលនៅតែប្រកាន់ភ្ជាប់អំពីសិទ្ធិរបស់ពលរដ្ឋ។ ទាក់ទងទៅនឹងការចូលរួម ឬមិនចូលរួមសម្រាប់ការបោះឆ្នោត ប្រជាជនអាចទៅធ្វើការបោះឆ្នោតឬមិនអាចចូលរួមបោះឆ្នោតនោះជាសិទ្ធិជ្រើសរើសរបស់ប្រជាជន។ ប៉ុន្តែនៅពេលនេះ រាជរដ្ឋាភិបាលមានការចាំបាច់ ដើម្បីពង្រឹងនិងលើកកម្ពស់ចំពោះការទទួលខុសត្រូវរបស់មេដឹកនាំទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់ក្រោមជាតិ ហ្នឹងបន្ទាប់ពីបានពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចាំបាច់ត្រូវធ្វើការកែទម្រង់សិទ្ធិឲ្យគេឈរឈ្មោះបោះឆ្នោត។ អ្នកដែលមានបំណងចង់ឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិក្នុងសង្គមប្រជាធិបតេយ្យដោយចាប់ផ្ដើមពីការឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួន សិទ្ធិបោះឆ្នោត។ ក្នុងន័យនេះ អ្នកដែលមិនបានទៅបោះឆ្នោត ដោយគ្មានមូល ហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថាបានបាត់បង់នៅលក្ខខណ្ឌក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត។ ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ។
យើងត្រូវធ្វើការកែទម្រង់ឲ្យមានការទទួលខុសត្រូវចំពោះអ្នកដែលចង់ឈរឈ្មោះឲ្យគេបោះឆ្នោត។ ប្រសិនបើមិនអាចទៅឈរឈ្មោះទៅបោះឆ្នោតលើកទី១ទេ គេក៏មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យបានដែរ ទាំងក្រុមប្រឹក្សាឃុំសង្កាត់ ទាំងក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ទាំងក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា ទាំងសមាជិករដ្ឋសភា។ ដូច្នេះ នេះគឺជាការទទួលខុសត្រូវ តែយើងក្នុងនាមជាប្រទេសប្រជាធិបតេយ្យមួយ ហើយយើងក៏មិនបានអនុវត្តនូវទណ្ឌកម្មណាមួយដូចប្រទេសប្រជាធិបតេយ្យខ្លះ។ ប្រទេសប្រជាធិបតេយ្យខ្លះ មិនបានទៅបោះឆ្នោតដោយគ្មានមូលហេតុ គឺត្រូវទទួលទណ្ឌកម្ម។ ប៉ុន្តែសម្រាប់យើងអ្នកទៅបោះឆ្នោត ប្រជាពលរដ្ឋទៅបោះឆ្នោតក៏បាន មិនទៅបោះឆ្នោតក៏បាន គឺជាសិទ្ធិ ក៏ប៉ុន្តែសម្រាប់អ្នកដែលត្រូវឈរឈ្មោះឲ្យគេបោះឆ្នោត គឺចាំបាច់ត្រូវតែមានការបោះឆ្នោតលើកទីមួយ។ មុនពេលដែលខ្លួនឈរឈ្មោះ។ ហើយបានប្រគល់ភារកិច្ចនេះជូនសម្ដេចក្រឡាហោម ស ខេ និងឯកឧត្តមកើតរិទ្ធពិភាក្សាគ្នាជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវអនុម័តនៅពេលខាងមុខនេះ។
នេះជាការចាំបាច់ដើម្បីជៀសវាងនូវការនិយាយចុះនិយាយឡើង ប៉ុន្តែយើងត្រូវនិយាយអំពីបញ្ហាផ្លូវច្បាប់។ អ្នកណាក៏ដោយ នៅក្នុងគណបក្សណាក៏ដោយ ប្រសិនបើមិនអាចទៅបោះឆ្នោត។ ឧទាហរណ៍ការបោះឆ្នោតនៅថ្ងៃទី 23 ខែកក្កដាឆ្នាំ 2023 ខាងមុខនេះ អ្នកណាក៏ដោយ បើសិនជាមិនបានទៅបោះឆ្នោតនោះទេ អ្នកនោះគឺមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតនៅពេលខាងមុខ ដែលជាការបោះឆ្នោតអសកលក្តី សមាជិកក្រុមប្រឹក្សាស្រុកខណ្ឌក្រុង ខេត្ត រាជធានី ជាការបោះឆ្នោតសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ 2027 និងការបោះឆ្នោតសមាជិកសភាឆ្នាំ2028។ ធ្វើយ៉ាងនេះ គឺដើម្បីពង្រឹងការទទួលខុសត្រូវរបស់មេដឹកនាំនយោបាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បើខ្លួនមិនអាចបំពេញកាតព្វកិច្ចក្នុងឋានៈជាពលរដ្ឋល្អ សម្រាប់ការបោះឆ្នោត តើមានហេតុផលអ្វីដែលនឹងត្រូវមានសិទ្ធិឈ្មោះឲ្យគេបោះឆ្នោត។
ក្នុងបញ្ហានេះ ជាបញ្ហាដែលយើងត្រូវធ្វើឲ្យខានតែបានមុនពេលយុទ្ធនាការឃោសនាបោះឆ្នោតនឹងត្រូវចាប់ផ្ដើម ហើយនេះក៏សូមបញ្ជាក់ជូនអំពីភាពចាំបាច់ ទម្រង់សម្រាប់អ្នកដែលមានសិទ្ធិឈ្មោះឲ្យគេបោះឆ្នោត។ តែវាមិនប៉ះពាល់ដល់សិទ្ធិពលរដ្ឋ ដែលចង់ទៅបោះឆ្នោតឬមិនបោះឆ្នោតនោះទ ហើយយើងនឹងធ្វើវិសោធនកម្មច្បាប់បោះឆ្នោតទាំងឡាយ។ ការធ្វើវិសោធនកម្មនេះ គឺស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាពិសេសមាត្រាទី34ថ្មី ដែលចែងថា បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់។ ដូច្នេះគ្មានអ្វីផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ។ យើងគ្រាន់តែដកសិទ្ធិសម្រាប់អ្នកណា សិទ្ធិសម្រាប់អ្នកដែលឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់អ្នកណាដែលមិនព្រមទៅបោះឆ្នោត មុនពេលដែលខ្លួនទៅឈរឈ្មោះនោះ តែប៉ុណ្ណោះ ហើយវាមិនមែនជារឿងចម្លែកទេ។ មានប្រទេសជិតខាងរបស់យើង គឺព្រះរាជាណាចក្រថៃបាននិងកំពុងធ្វ ដែលធ្វើឲ្យគណបក្សនយោបាយមួយនោះ ត្រូវបាត់បង់អាសនៈយ៉ាងច្រើនដោយសារតែមិនបានបំពេញកាតព្វកិច្ចក្នុងការបោះឆ្នោតកាលពីលើកមុន។ យើងក៏ធ្វើដូចគ្នានេះដែរ ប៉ុន្តែយើងមិនធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិពលរដ្ឋ។ ក្នុងការសម្រេចចិត្តទៅបោះឆ្នោត ឬមិនបោះឆ្នោត តែនេះគឺជាការពង្រឹងទៅដល់ការទទួលខុសត្រូវសម្រាប់អ្នកគ្រប់គ្រងដឹកនាំនៅគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ចាប់ពីថ្នាក់ឃុំសង្កាត់បើចង់ទៅឈរឈ្មោះបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ 2027។ ត្រូវតែបោះឆ្នោតនៅថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2023។ បើចង់ឈរឈ្មោះឲ្យគេបោះឆ្នោតជាសមាជិកស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី សមាជិកព្រឹទ្ធសភា នៅឆ្នាំ2024 ត្រូវទៅបោះឆ្នោតនៅថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2023។ បើចង់ឈរឈ្មោះឱ្យគេបោះឆ្នោតជាសមាជិកសភានៅឆ្នាំ2028 ត្រូវតែទៅបោះឆ្នោតនៅថ្ងៃទី23 ខែកក្កដាឆ្នាំ2023 ដោយចៀសជាពុំបាន។ បើមិនដូច្នោះគេនឹងបាត់បង់សិទ្ធិ ហើយសិទ្ធិនេះត្រូវស្របតាមបទបញ្ញត្តិបោះឆ្នោតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតដែលមានកំណត់នៅក្នុងមាត្រា 34ថ្មី នៃរដ្ឋធម្មនុញ្ញ។យើងនឹងធ្វើពិសោធនកម្មជាបន្ទាន់លើបញ្ហានេះ៕
សូមជូននូវសារសំឡេងទាំងស្រុងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៖