រយៈពេល ២២ សប្ដាហ៍ក្នុងឆ្នាំ២០២៣នេះ ខេត្តព្រះវិហារ រកឃើញមានជំងឺគ្រុនឈាម ៤៥ករណី
ព្រះវិហារ៖ មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារបានឱ្យដឹងថា រយៈពេល ២២ សប្ដាហ៍ក្នុងឆ្នាំ២០២៣នេះនៅទូទាំងខេត្តព្រះវិហារ រកឃើញមានករណីជំងឺគ្រុនឈាមជាង ៤០ ករណីដែលក្នុងនោះករណីនេះកំពុងរាតត្បាតច្រើននៅក្នុងស្រុកគូលែន។

លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានប្រាប់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ថា នៅទូទាំងខេត្តព្រះវិហារ ចាប់តាំងពីសប្ដាហ៍ទី១ ដើមឆ្នាំ២០២៣ រហូតមកដល់សប្ដាហ៍ទី២២នេះ ករណីជំងឺគ្រុនឈាម បានកើតមានឡើងចំនួន ៤៥ករណី។ អ្វីដែលសំខាន់នោះ លោកមើលឃើញថា ក្នុងសប្ដាហ៍ទី២២នេះ ករណីគ្រុនឈាមមានរហូត ១១ ករណី ដែលបានកើតឡើងនៅក្នុងភូមិពីរ ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន គឺភូមិស្រយង់ជើង មានចំនួន ៧ករណី និងភូមិស្រយង់ត្បូង មានចំនួន ៦ករណី។

លោក គួង ឡូ បានទាញអារម្មណ៍ថា «ករណីទាំងនេះ មានលក្ខណៈខុសពីពេលមុនៗ ដែលលើកមុន មានករណីគ្រុនឈាមក្នុងភូមិ ឬស្រុក តែ១ ឬ២ករណីប៉ុណ្ណោះ តែទោះបីជាមានករណីកើនឡើងនៃជំងឺគ្រុនឈាមក្នុងភូមិទាំងនោះក្ដី ខាងមន្ទីរសុខាភិបាលខេត្ត អាចគ្រប់គ្រង និងទប់ស្កាត់ការរាតត្បាតជំងឺទាំងនោះបាន ដោយមិនមានករណីស្លាប់នោះឡើយ»។

លោក គួង ឡូ បញ្ជាក់ថា ក្រុមការងារមន្ត្រីសុខាភិបាលយើង បានគិតថា វាអាចផ្ទុះ វាអាចមានការរាតត្បាតដូច្នេះក្រុមការងារបានបន្ថែមសកម្មភាពមួយទៀតដោយធ្វើការបាញ់ថ្នាំសម្លាប់សត្វមូសនៅក្នុងតំបន់ស្រយង់ជើង និងស្រយង់ត្បូង ដើម្បីកុំឱ្យសត្វមូសអាចចម្លងបន្តទៅតាមតំបន់ផ្សេងៗទៀតបាន។
លោកបន្តថា មន្ទីរសុខាភិបាលខេត្ត នឹងបន្តដាក់ផែនការបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅនឹងបញ្ហាជំងឺគ្រុនឈាមនៅក្នុងឆ្នាំ២០២៣នេះ ខណៈដែលកន្លងមកក្នុងឆ្នាំ២០១៩ មានករណីកុមារចំនួនបីនាក់បានស្លាប់ដោយសារជំងឺគ្រុនឈាម ទោះបីជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះ ក្នុងខេត្តព្រះវិហារ នៅមិនទាន់មានករណីស្លាប់ដោយសារជំងឺគ្រុនឈាមទេ។

លើសពីនេះទៀត ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងខេត្តត្រូវប្រញាប់មកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅក្បែរផ្ទះក្នុងករណីគ្រុនក្តៅ ឬសង្ស័យណាមួយ ដោយមិនត្រូវប្រើប្រាស់ថ្នាំអាស្ពីរីន (Aspirin) ដោយខ្លួនឯងនោះទេ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានឱ្យដឹងថា រយៈពេល ៥ខែ ឆ្នាំ២០២៣ កម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន ២ ៦៦៦ ករណី ក្នុងនោះស្លាប់ចំនួន ៥នាក់ ដែលមានការកើនឡើងជាង ១០០ភាគរយ ធៀបនឹងរយៈពេល ៥ខែដូចគ្នា ក្នុងឆ្នាំ២០២២ ដែលមានត្រឹមតែ ១១៤០ ករណី ក្នុងនោះស្លាប់ ១នាក់ប៉ុណ្ណោះ។

ប្រភពដែលបានបញ្ជាក់ថា ករណីជំងឺគ្រុនឈាមដែលកើតមានឡើងច្រើនជាងគេ មានក្នុង រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះវិហារ បន្ទាយមានជ័យ ព្រះសីហនុ ត្បូងឃ្មុំ តាកែវ និងខេត្តសៀមរាប៕ ដោយ៖ ជា សុខនី