សម្តេចតេជោ ហ៊ុន សែន៖ អ្នកញុះញង់ និងរារាំងប្រជាពលរដ្ឋទៅបោះឆ្នោត នឹងពិន័យពី ៥-២០លានរៀល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកញុះញង់ និងរារាំងប្រជាពលរដ្ឋទៅបោះឆ្នោត នឹងពិន័យពី ៥-២០លានរៀល ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបញ្ជាក់ដូច្នេះ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុង ជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សម្តេចតេជោ បានបង្ហាញពង្រាងស្ដីពីការធ្វើវិសោធនកម្មច្បាប់ បោះឆ្នោតត្រង់មាត្រា ១៤២ ថ្មី ដែលក្នុងនោះ ឈានទៅធ្វើការផាកពិន័យ ចំពោះបុគ្គលណា ដែលធ្វើឱ្យមានភាពវឹកវរដល់ការបោះឆ្នោត និងធ្វើសកម្មភាពរារាំង ញុះញង់ដល់ពលរដ្ឋ មិនឱ្យទៅបោះឆ្នោតជាដើម។
តាមសេចក្តីពង្រាងច្បាប់លើវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវអានដោយសម្តេចតេជោ ហ៊ុន សែន មុននឹងអនុម័តជាផ្លូវការពីរដ្ឋសភា គឺថា អ្នកញុះញង់ និងរារាំងប្រជាពលរដ្ឋទៅបោះឆ្នោតនាថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខ នឹងត្រូវពិន័យជាប្រាក់ពី ៥-២០លានរៀល ដោយមិនគិតពីព្រហ្មទណ្ឌ ។
សម្តេចបានអះអាងថា មិនចង់លេងជាមួយពួកក្រុមប្រឆាំងទេ ប៉ុន្តែពួកគេទេ ដែលមិនព្រមបញ្ឈប់សកម្មភាពញុះញង់ មិនឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ទើបសម្តេចលេងធម៌ក្តៅតែម្តង លើការពិន័យយ៉ាងធ្ងន់ធ្ងរទៅ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ