កម្ពុជា-ចិន ចុះហត្ថលេខា ទទួលមូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ដើម្បីអនុវត្តគម្រោង ០៩ នៅកម្ពុជា
ភ្នំពេញ៖ កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេសសម្រាប់ គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ មានទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងចំនួន ០៩ នៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ រវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ កម្ពុជា និង ឯកឧត្ដម វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា កាលពី ៧ឆ្នាំមុន នៅពេលថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកបានប្រកាសអនុវត្តមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង យន្តការនេះទទួលបានសេចក្តីសង្ឃឹមនិងការរំពឹងទុកខ្ពស់ ដោយសារនេះជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់មេគង្គដំបូងបង្អស់ ដែលបង្កើតឱ្យមានមូលនិធិពិសេស ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងកិច្ចសហប្រតិបត្តិការ ដែលផ្តល់លទ្ធផលក្នុងរយៈពេលខ្លីចំពោះការអភិវឌ្ឍ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី បានបន្ថែមថា នៅថ្ងៃនេះ ខណៈពេលដែលយើងពិនិត្យមើលពីសមិទ្ធផលវិញ យើងសម្រេចបានតាមការប្តេជ្ញារបស់យើង ក្នុងការផ្តល់អាទិភាពដល់ការអភិវឌ្ឍរួម តាមរយៈការបង្កើតបាននូវលទ្ធផលជាក់ស្តែងក្នុងរយៈពេលខ្លី និងដាក់ចេញជាគំនិតផ្តួចផ្តើមសម្រាប់សកម្មភាពអភិវឌ្ឍន៍ប្រកបដោយបរិវត្តកម្ម និងអាចពង្រីកបានច្រើនទៀត លើវិស័យសំខាន់ៗមួយចំនួន រួមមាន ការលុបបំបាត់ភាពក្រីក្រ សុខាភិបាល ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ ទេសចរណ៍ ព័ត៌មាននិងបច្ចេកវិទ្យា ការផ្លាស់ប្តូរវប្បធម៌ និងសាសនា កសិកម្ម បរិស្ថាន និងការផ្តល់អំណាចដល់ស្ត្រី។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី បានលើកឡើងបន្តថា ក្នុងរយៈពេល ៦ឆ្នាំកន្លងមក គម្រោងប្រមាណជិត ៩០ របស់ប្រទេសកម្ពុជា ទទួលបានការគាំទ្រជាហិរញ្ញវត្ថុ ពីមូលនិធិពិសេសខាងលើ ។ ជោគជ័យនៃគម្រោងទាំងនោះបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់ នៃភាពជាអ្នកជិតខាងល្អ មិត្តភាព សមភាព និងការគោរពគ្នាទៅវិញទៅមក។ គោលការណ៍ទាំងនេះនឹងបន្តជាមូលដ្ឋានដ៏សំខាន់ នៅក្នុងកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន និងអនាគតរបស់ប្រទេសជាសមាជិក។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភជាបន្តបន្ទាប់ ដល់ប្រទេសកម្ពុជា និងប្រទេសដទៃទៀតដែលជាសមាជិកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី បញ្ជាក់ថា សម្រាប់ឆ្នាំនេះ កម្ពុជាទទួលបានគម្រោងចំនួន ០៩ ដែលមានទឹកប្រាក់សរុបប្រមាណជិត ពីរលានដុល្លារអាមេរិក ។ ទោះបីគម្រោងទាំងនេះមានទំហំតូចជាងគម្រោងស្ថិតនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ប៉ុន្តែគម្រោងទាំងនេះគឺជាសក្ខីភាពនៃការ ប្តេជ្ញាចិត្តឥតងាករេរបស់សាធារណរដ្ឋប្រជាមានិតចិន ចំពោះការអភិវឌ្បនៅក្នុងអនុតំបន់ទន្លេមេគង្គ។ ដោយផ្តល់អាទិភាពលើការពិគ្រោះយោបល់ប្រកបដោយបរិយាបន្ន ការអនុវត្តជាក់ស្តែង និងការបំពេញបន្ថែមក្នុងវិស័យសេដ្ឋកិច្ចសង្គម យើងនឹងជំរុញជាអតិបរមានូវការរួមចំណែកទាំងនេះ និងប្រែក្លាយការរួមចំណែកទាំងនេះ ឱ្យក្លាយជាកាតាលីករ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរឡើងពីវិស័យរបស់គម្រោងខាងលើ រួមមាន ការដឹកជញ្ជូននិងប្រព័ន្ធឡូជីស្ទីក ព័ត៌មានវិទ្យា បេតិកភណ្ឌវប្បធម៌ សន្តិសុខស្បៀង និងការកសាងសមត្ថភាព។ល។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមឯកអគ្គរដ្ឋទូត វ៉ាង វិនធាន និងក្រុមការងារ ព្រមទាំងភ្នាក់ងារ/ស្ថាប័នជាតិដែលជាអ្នកអនុវត្តគម្រោងទាំងអស់ ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការអនុវត្តគម្រោងទាំងនេះ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នៅគ្រប់កម្រិតនិងទិដ្ឋភាព ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ