គណៈកម្មាការជំនាញរដ្ឋសភានឹងប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី១៩ ខែមិថុនានេះថា គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា នឹងប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែមិថុនា ស្អែកនេះ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត មុននឹងដាក់ជូនរដ្ឋសភាអនុម័តនៅថ្ងៃទី២៣ ខែមិថុនា ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលស្នើឡើងដោយរាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា ដោយសារសេចក្តីព្រាងច្បាប់ទាំងអស់សុទ្ធតែជាការប្រញាប់ គឺត្រូវចាប់ផ្តើមធ្វើភ្លាម ដោយគណៈកម្មការជំនាញបានចាប់ផ្តើមធ្វើនៅល្ងាចថ្ងៃទី១៩ ខែមិថុនា និងនៅថ្ងៃទី២០ ខែមិថុនា ស្អែកទៀត គឺធ្វើទាល់តែចប់។ តាមច្បាប់ គឺតំណាងរាជរដ្ឋាភិបាល (ថ្នាក់រដ្ឋមន្ត្រី) អញ្ជើញមកចូលរួមប្រជុំជាមួយគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យលើសេចក្តីព្ររាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋសភានឹងប្រជុំអនុម័ត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនាស្អែកនេះ សម្តេចក្រឡាហោម ស ខេង នឹងទៅការពារជាមួយគណៈកម្មការសភា ហើយនឹងត្រូវឆ្លងកាត់តាមគម្រោងសភាប្រជុំនៅថ្ងៃទី២៣ ខែមិថុនា ខាងមុខនេះ ហើយសម្តេចក្រឡាហោម ស ខេង និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងទៅការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ ការបញ្ជាក់របស់សម្តេចក្នុងពិធីអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣៕ដោយ៖ពលជ័យ

ads banner