សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យបង្ការទប់ស្កាត់រាល់ឧបាយកលដែលប៉ុនប៉ងបំផ្លាញដំណើរការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត និងសកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ ឱ្យចូលរួមបំផុស អប់រំ លើកទឹកចិត្តប្រជាពលរដ្ឋអំពីតម្លៃ និងសារសំខាន់នៃការបោះឆ្នោត ដើម្បីប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងធ្វើការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ គ.ជ.ប ចូលរួមបង្ការទប់ស្កាត់រាល់សកម្មភាពនានា និងឧបាយកលដែល ប៉ុនប៉ងរំលោភបំពានបំផ្លាញដំណើរការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត ព្រមទាំងកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមតាមគ្រប់រូបភាព ជាពិសេសត្រូវលើកកម្ពស់ការគោរពអនុវត្តឱ្យបានត្រឹមត្រូវ នូវច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត។
ការណែនាំនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចបន្តថាទន្ទឹមនេះ នៅផ្ទៃក្នុងប្រទេស ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ មួយចំនួន នៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនិងប្រើប្រាស់គ្រប់ល្បិចកល ដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានា ដោយមានការគាំទ្រ និងការចូលរួមពីមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស បន្តដឹកនាំអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងសម្រេចបានសមិទ្ធផលគ្រប់វិស័យ។

សមិទ្ធផលទាំងនោះ ត្រូវបានសម្ដេចពន្យល់ទៅកាន់អង្គពិធី រួមមានៈ ការរក្សាសន្តិភាព ស្ថេរភាពនយោបាយ កាពារបាននូវខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសវត្ថិភាពសង្គម ការគោរពរដ្ឋធម្មនុញ្ញ គោរពនិងការពាររបបរាជានិយយម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិមនុស្ស កំណែទម្រង់អភិបាលកិច្ចល្អ ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ រក្សាលំនៅសេដ្ឋកិច្ច និងការអនុវត្តបានយ៉ាងល្អនូវនយោបាយការបរទេស។ សម្ដេចបានចាត់ទុកស្នាដៃ និងសមិទ្ធផលការងារទាំងអស់នេះថាបានមកពីការចូលរួមពីគ្រប់ភាគី។
សម្ដចក្រឡាហោម ក៏បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្ស គ.២៧ បន្តខិតខំថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ សម្រាប់បង្កបរិយាកាសដល់យុទ្ធនាការ ឃោសនាបោះឆ្នោត ការបោះឆ្នោត ការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី និងការបន្ត និរន្តរភាពនៃការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ពិសេសត្រូវរួមគ្នាធានាឱ្យការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាង មុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ។

សម្ដេចក៏បានរម្លឹកដាស់តឿនឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុម ការងារគណបក្ស ដែលចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស ក្នុងពេលម៉ោងថ្ងៃបំពេញការងារ ត្រូវសុំច្បាប់ឈប់សម្រាកពីការងារតាមការកំណត់ និងមិនត្រូវប្រើប្រាស់ឯកសណ្ឋានការងារ យានយន្ត មធ្យោបាយ សម្ភារ ថវិកា របស់រដ្ឋ ចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនោះឡើយ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រុមការងារសម្តេចក្រឡាហោម