លោក ពូទីន ហៅមេទាហានស៊ីឈ្នួល Wagner ថា ជាជនក្បត់ជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន

មូស្គូ៖ ភាពតានតឹងរវាងក្រុមទាហានស៊ីឈ្នួល Wagner និងក្រសួងការពារជាតិរុស្ស៉ី បានឈានដល់ចំណុចដ៏ក្តៅគគុកមួយនាចុងសប្តាហ៍នេះ នៅពេលដែលមេទាហាន Wagner បានចោទប្រកាន់ធ្ងន់ៗលើក្រសួងការពារជាតិរុស្ស៉ី និងថា ថ្នាក់ដឹកនាំយោធារុស្ស៉ីបានបំផ្លិចបំផ្លាញកងកម្លាំងរបស់លោកដោយចេតនាក្នុងសង្រ្គាមនៅអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចេញមុខថ្លែងសារជាបន្ទាន់មួយទៅកាន់ប្រជាជាតិ ដោយបានដាក់ស្លាកមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner លោក យេវហ្គេនីន ព្រីហ្គោហ្ស៉ីន ជាជនក្បត់ជាតិ ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។ លោក ពូទីន បានប្រកាសបែបនេះបន្ទាប់ពីប្រធានក្រុមទាហានស៊ីឈ្នួល Wagner បានសច្ចាថា នឹងផ្ដួលរំលំរបបដឹកនាំយោធារបស់រុស្ស៊ី ហើយអះអាងថា បានគ្រប់គ្រងទីបញ្ជាការយោធាសំខាន់មួយនៅភាគខាងត្បូង។

ដោយសំដៅទៅលើទង្វើបះបោររបស់លោក ព្រីហ្គោហ្ស៉ីន លោក ពូទីន បាននិយាយដូច្នេះថា អ្វីដែលពួកយើងកំពុងតែប្រឈមនាពេលនេះ គឺច្បាស់ណាស់ជាទង្វើក្បត់នឹងប្រទេសជាតិរបស់ខ្លួនឯង ដែលកើតចេញមកពីមហិច្ឆតាលោភលន់ និងផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកទាំងឡាយណា ដែលជ្រើសរើសដើរលើផ្លូវក្បត់ជាតិដោយចេតនា, ដែលបានត្រៀមលើកអាវុធបះបោរ, ហើយដែលបានប្រើវិធីសាស្រ្តគំរាមកំហែង និងភេរវកម្ម នឹងត្រូវទទួលរងការដាក់ទោសដោយចៀសមិនផុត នៅចំពោះមុខច្បាប់ ក៏ដូចជាចំពោះមុខប្រជាជនរបស់យើង។

បន្ថែមពីនេះ លោក ពូទីន បានអំពាវនាវឱ្យមានសាមគ្គីភាព ហើយប្តេជ្ញាមិនឱ្យមានសង្រ្គាមស៊ីវិលផ្ទុះឡើងនៅក្នុងប្រទេសរុស្ស៉ីជាដាច់ខាត។
មេដឹកនាំរូបនេះបានសង្កត់ធ្ងន់ទៀតថា លោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីការពារប្រទេស ហើយការសម្រេចចិត្តច្បាស់លាស់ម៉ឺងម៉ាត់ នឹងត្រូវធ្វើឡើងដើម្បីផ្តល់ស្ថិរភាពឡើងវិញ ចំពោះស្ថានការណ៍នៅឯទីក្រុងរ៉ូស្តូវ ជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសរុស្ស៉ី ដែលលោក ព្រីហ្គោហ្ស៉ីន បានអះអាងថា កងកម្លាំង Wagner បានចូលគ្រប់គ្រងមូលដ្ឋានយោធាទាំងអស់ហើយនៅទីនោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner