ទីបំផុតមេទាហានស៊ីឈ្នួល Wagner ប្រកាសនឹងចាកចេញពីប្រទេសរុស្ស៊ី ក្នុងកិច្ចព្រមព្រៀងដើម្បីបន្ធូរបន្ថយជម្លោះផ្ទៃក្នុង

មូស្គូ៖ ប្រទេសរុស្ស៊ីបានបញ្ជាក់ថា ប្រធានក្រុមទាហានស៊ីឈ្នួល Wagner នឹងចាកចេញពីប្រទេសរុស្ស៊ី ហើយក៏មិនប្រឈមមុខនឹងការចោទប្រកាន់នោះដែរ បន្ទាប់ពីបានបញ្ជាឱ្យកងទ័ពរបស់គាត់លុបចោលការរុលទៅមុខ កាលពីថ្ងៃសៅរ៍ ដើម្បីបន្ធូរបន្ថយវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសរុស្ស៊ីក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ភាពតានតឹងបានថមថយកម្តៅវិញភ្លាមៗ នៅពេលដែលមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner លោក យេវហ្គេនីន ព្រីហ្គោហ្ស៉ីន បានធ្វើសេចក្តីប្រកាសមួយដ៏គួរឱ្យភ្ញាក់ផ្អើលថា កងទ័ពរបស់គាត់បានដកថយត្រលប់ទៅកាន់វាលជំរុំវិញ ដើម្បីជៀសវាងការបង្ហូរឈាមនៅក្នុងរដ្ឋធានីរុស្ស៊ី។ មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner លោក ព្រីហ្គោហ្ស៉ីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា រូបលោកបានយល់ច្បាស់ពីសារៈសំខាន់ក្នុងពេលនេះ ហើយមិនចង់ ឃើញការបង្ហូរឈាមរបស់ជនជាតិរុស្ស៊ីនោះទេ។

ស្របពេលជាមួយគ្នានេះដែរ អភិបាលតំបន់បាននិយាយថា នៅព្រឹកថ្ងៃអាទិត្យនេះ កងកម្លាំង Wagner បានដកយន្តហោះចម្បាំង និងយោធូបករណ៍ផ្សេងទៀតចេញពីទីក្រុងរ៉ូស្តូវ ជាទីក្រុងដែលពួកគេបានរឹបអូសយកទីបញ្ជាការយោធាទាំងអស់នៅទីនោះ។ ប៉ុន្តែមុនពេលកងកម្លាំង Wagner ចាកចេញ អ្នកស្រុករាប់សិបនាក់បានអបអរសាទរ និងស្រែកថា “Wagner! Wagner!” នៅខាងក្រៅទីបញ្ជាការយោធា ដែលពួកគេបានរឹតអូស។

ដោយឡែកមេដឹកនាំបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូវ បាននិយាយថា រូបលោកបានធ្វើការចរចាលើបទឈប់បាញ់ជាមួយមេទាហាន Wagner លោក ព្រីហ្គោហ្ស៊ីន ខណៈសកម្មភាពនេះ ទទួលបានការថ្លែងអំណរគុណពីសំណាក់រុស្ស៊ី។ ក្រោយមកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងនឹងលោក ព្រីហ្គោហ្ស៊ីន នឹងត្រូវលុបចោលវិញ ហើយថា សមាជិកនៃក្រុម Wagner ដែលបានចូលរួមក្នុងអ្វីដែលអាជ្ញាធររុស្ស៊ីហៅថា “ការបះបោរប្រដាប់អាវុធ” ក៏នឹងមិនត្រូវបានជាប់ទោសនោះដែរ។ លោក ប៉េសកូវ បន្ថែមថា សម្រាប់ពេលនេះ ការជៀសវាងការបង្ហូរឈាម, ការប្រឈមមុខដាក់គ្នាផ្ទៃក្នុង និងការប៉ះទង្គិចគ្នាជាមួយលទ្ធផលដែលមិនអាចទាយទុកជាមុនបាន គឺជាគោលដៅអាទិភាពបំផុត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner