សម្តេចតេជោ ហ៊ុន សែន៖ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងកម្រិត ៥,៦ភាគរយនៅឆ្នាំ២០២៣នេះ

ស្វាយរៀង៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងកម្រិត ៥,៦ភាគរយ នៅឆ្នាំ២០២៣នេះ និងនៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនក្នុងរង្វង់ ៦,៦ភាគរយ ដែលកំណើនទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ៗគ្នា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ បានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចកើនឡើង ៥,៦% ដូចការរំពឹងទុក ហើយឆ្នាំក្រោយ អាចកើនឡើង ៦,៦ % ។ ទោះបីរោងចក្រកាត់ដេរ និងស្បែកជើង អាចមានការថមថយបន្តិច ប៉ុន្តែផ្នែកកម្មន្តសាល ផ្សេងៗ អាចនឹងនៅរក្សាដដែល។ ចំណុចនេះ ជាចំណុចដែលយើងត្រូវមើលឃើញ ។

សម្តេចតេជោ បន្តថា តំបន់សេដ្ឋកិច្ចពិសេសនេះ សម្តេចបានមកសម្ពោធនៅឆ្នាំ២០០៥ ហើយជាគំនិតរបស់លោក ក្លេមិនយាំង ប្រធានតំបន់សេដ្ឋកិច្ចពិសេស (MAN HATTAN) ដែលបានផ្តល់នូវគំនិតនេះឡើង ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ការនាំចេញក្នុងត្រីមាសទី១ នេះ បានកើនឡើង ១.២០០ លានដុល្លារ នៅកើនឡើងជាង៤០ ភាគរយ ។ សម្តេចបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចកើនឡើង ៥,៦ ភាគរយ នៅឆ្នាំនេះ, ហើយឆ្នាំ២០២៤ អាចកើនឡើង ៦,៦ ភាគរយ ដែលកំណើនទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ៗគ្នា ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner