កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានបំពាក់ប្រព័ន្ធកត់ត្រាស្វ័យប្រវត្តិ ត្រៀមដំណើរការឆាប់ៗនេះ

កំពង់ឆ្នាំង៖ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ដោយ​កំពង់ផែនេះ បានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់គ្រប់គ្រងប្រតិបត្តិការដឹកជ​ញ្ជូនទំនិញចូលកំពង់ផែ ក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន។

នេះជា​ការបញ្ជាក់​ឱ្យ​ដឹងពី​ឯកឧត្តមទេសរដ្ឋមន្រ្តី  ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន ក្នុង​ឱកាស​លោក​ចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង កាល​ពី​ថ្ងៃទី២៦ ខែមិថុនា​។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​ពេលនោះឯកឧត្តម ស៊ុន ចាន់ថុល ​បានឱ្យដឹងថា បច្ចុប្បន្ននេះ កំពង់ផែពហុបំ​ណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានត្រៀមខ្លួនរួចរាល់សម្រាប់បើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ខាងមុខ។ កំពង់ផែនេះ បានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់គ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំ​ណូ​លជូនជាតិបានកាន់តែប្រសើរ។ ​

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់​ថា ៖ «​នៅក្នុងកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ បានរៀបចំបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System (STM) ដែលមានលក្ខណៈងាយស្រួល​សម្រាប់គ្របគ្រង តាមដាន និ​ងត្រួតពិនិត្យរបាយការណ៍»។ ​

ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមទៀតថា ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែមួយនេះបាន​និងកំពុងនាំមកនូវប្រសិទ្ធភាពការងារ កាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតដោយច្បាប់ ជាពិសេសផ្តល់ឱ្យនូវតម្លាភាព ក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន។​

​យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ការបំពាក់ឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តស្វ័យប្រវត្តិដឹកជញ្ជូននៅកំពង់ផែនេះឡើង ក្នុងបំណងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក​ ​ដោយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូនផងដែរ​។​

ពាក់ព័ន្ធការលើកឡើងនេះដែរ ​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានស្វាគមន៍ចំពោះវត្តមានសមិទ្ធផលថ្មីៗរបស់ខេត្តកំពង់ឆ្នាំងនាពេលខាងមុខ។

ឯកឧត្តមបាន​ប្រាប់ឱ្យដឹងនៅថ្ងៃទី​២៧ ខែមិថុនា ថា ៖ «យើងរំពឹងថា ប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ នឹងជួយកាត់បន្ថយការដឹកជញ្ជូន​លើសកម្រិតកំណត់​យ៉ាងមានប្រសិទ្ធភាព ពិសេសជួយជំរុ​ញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែស្ទុះឡើងថែមទៀត»។​​

សូមរម្លឹកដែរថា កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទំហំវិនិយោគចន្លោះពី៣០០លានដុល្លារ-៥០០លានដុល្លារអាម៉េរិក គឺជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជាបន្ទាប់ពីប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំងបីដូចជា ប៉ូលសេដ្ឋកិច្ចភ្នំពេញ ប៉ូលសេដ្ឋកិច្ចព្រះស៊ីហនុ និងប៉ូលសេដ្ឋកិច្ចសៀមរាប​៕​

អត្ថបទ៖បូរ ពេជ្រហ្សាលីន

ads banner