តំណាងរាជរដ្ឋាភិបាលនឹងអញ្ជើញមកបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ លើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃស្អែកនេះ
អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៩:០០នាទីព្រឹក តំណាងរាជរដ្ឋាភិបាលនឹងអញ្ជើញមកបំភ្លឺជូន ក្រុមប្រឹក្សាធម្មនុញ្ញ លើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំលើកទី៩ នីតិកាលទី៦ និងព្រឹទ្ធសភាបាន ពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ នាសម័យប្រជុំ លើកទី១០ នីតិកាលទី៤ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
គួរបញ្ជាក់ឱ្យដឹងថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ទាំងមូលដោយឥតកែប្រែ ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងដើម្បីលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រ-កម្ពុជា ព្រមទាំង ដើម្បី ពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីឱ្យអនាគតអ្នកដឹកនាំនយោបាយ ដែល មានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អចំពោះជាតិ និងប្រជាជន ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះ-ឆ្នោត ដែលជាករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ។
សេចក្តីព្រាងច្បាប់នេះ ត្រូវ បាន រៀបចំឡើងដើម្បីធានាឱ្យគណៈកម្មាធិការជាតិរៀបចំការបោះ-ឆ្នោតដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ពង្រឹង ដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និង ពង្រឹងនីតិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន០៨មាត្រា និង ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន១១១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ០២រូប បានឡើងមានយោបល់រួចមក ឯកឧត្តម កើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ចំនួន៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
ដោយ៖ពលជ័យ