កម្ពុជា និងកូរ៉េ ពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា និងនៅសាធារណរដ្ឋកូរ៉េ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)និងអតីតមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារកូរ៉េ បានជួបពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក៏ដូចជាការអនុវត្តរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារនៅសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃអង្គភាពសុខុមាលភាពនិងសំណងគ្រោះថា្នក់ការងារនៃសាធារណរដ្ឋកូរ៉េដែលដឹកនាំដោយ លោក Jaekap Lee អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា។

យោងតាមបេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ក្នុងជំនួបសម្តែងការគួរសមនេះឯកឧត្តម អ៊ុក សមវិទ្យា និងឯកឧត្តម Jaekap Lee បានពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក៏ដូចជាការអនុវត្តរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារនៅសាធារណរដ្ឋកូរ៉េ។

ភាគីទាំងពីរក៏បានពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើការកសាងសមត្ថភាពរបស់មន្រ្តីជំនាញ ប.ស.ស ពាក់ព័ន្ធនឹងការផ្តល់សេវាស្តារនីតិសម្បទាជូនដល់សមាជិក ប.ស.ស ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម អ៊ុក សមវិទ្យា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម Jaekap Lee និងគណៈប្រតិភូនៃអង្គភាព សុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ក្នុងការកសាងផែនការមេផ្នែកស្តារនីតិសម្បទារយៈពេល ៥ឆ្នាំ របស់ ប.ស.ស ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុក សមវិទ្យា ក៏បានស្នើសុំភាគីកូរ៉េ ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើការកសាងគ្លីនិកស្តារនីតិសម្បទាសម្រាប់ពិគ្រោះជំងឺក្រៅ (Outpatient Rehabilitation Clinic) មុននឹងឈានដល់ការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទារបស់ ប.ស.ស។

សូមរម្លឹកផងដែរថា នាខែ មិថុនា ឆ្នាំ២០២១ កន្លងមក បេឡាជាតិរបបសន្តិសុខសង្គម បានចូលរួមមហាសន្និបាតលើកទី៥ នៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) ត្រូវបានរៀបចំឡើងដោយ អង្គភាព COMWEL នៃសាធារណរដ្ឋកូរ៉េ និងជាប្រធានសមាគម AWCA ក្នុងអាណត្តិឆ្នាំ២០២០-២០២១។

សមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (Asian Workers’ Compensation Association, AWCA) ត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ២០១២ ក្នុងគោលបំណង ដើម្បីអភិវឌ្ឍសំណង គ្រោះថ្នាក់ការងារ ឬរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ នៅក្នុងបណ្តាប្រទេសជាសមាជិកទាំង១០រួមមាន ថៃ វៀតណាម ស្រីលង្កា សាធារណរដ្ឋកូរ៉េ ហ្វីលីពីន ម៉ុងហ្គោលី ម៉ាឡេស៊ី ឡាវ ឥណ្ឌូនេស៊ី និងកម្ពុជាផងដែរ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner