បុរសម្នាក់ ច្នៃកង់បីធ្វើជាការិយាល័យសម្រាប់ហ្វូតូកូពីឯកសារចល័ត រកចំណូលបន្ថែមផ្គត់ផ្គង់ជីវភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ស្របពេលដែលអ្នករត់កង់បីដទៃកំពុងមមាញឹក នៅលើដងផ្លូវនៅពេលព្រឹក ឬអង្គុយរង់ចាំការចុចហៅរបស់ភ្ញៀវ លោក ឃួន សុវណ្ណឆៃ ដែលជាអតីតបុគ្គលិកផ្នែកសន្តិសុខ និងជាអ្នករត់កង់បីម្នាក់ដែរនោះ បែរជាអង្គុយលើកង់បីរបស់ខ្លួនចុចម៉ាស៊ីនចម្លង (ព្រីន) ឯកសារជូនភ្ញៀវនៅតាមបណ្តោយមហាវិថីម៉ៅសេតុង ដើម្បីបង្កើតចំណូលបន្ថែមសម្រាប់គ្រួសារ។

កំពុងអង្គុយលើកង់បីដែលមានបន្ទះសូឡានៅពីលើ និងមានម៉ាស៊ីនព្រីននៅលើកន្លែងអង្គុយ លោក ឃួន សុវណ្ណឆៃ បានរៀបរាប់ឱ្យថា លោកគឺជាអតីតបុគ្គលិកផ្នែកសន្តិសុខនៅក្នុងស្ថានទូតចិន ហើយបច្ចុប្បន្នលោកប្រកបរបរជាអ្នកព្រីនឯកសារនៅពេលព្រឹក ។ចំណែកពេលថ្ងៃលោករត់កង់បីថែមទៀត។

លោក ឃួន សុវណ្ណឆៃ មានអាយុ ៣៣ឆ្នាំ បានរៀបរាប់ឱ្យដឹងពីមូលហេតុដែលលោកកែច្នៃកង់បីទៅជាកន្លែងព្រីនឯកសារចល័តគឺដោយសារតែសង្កេតឃើញថា ភ្ញៀវតែងតែចេញចូលៗ ខ្វះឯកសារច្រើន និងពិបាកស្វែករកកន្លែងព្រីន ទើបលោកចាប់យកឱកាសនេះបង្កើនចំណូលតែម្តង។

លោក ឃួន សុវណ្ណឆៃ ប្រាប់ថា ៖ «ដំបូងឡើយ កាលមិនទាន់ចាប់ផ្តើមព្រីនឯកសារនេះ ខ្ញុំធ្វើការជាសន្តិសុខនៅពេលព្រឹកនៅក្នុងស្ថានទូតចិន និងរត់កង់បីនៅពេលថ្ងៃ។ ក្រោយមក ខ្ញុំមើលឃើញថាភ្ញៀវដែលមកស្ថានទូតតែងតែខ្វះឯកសារ ទើបខ្ញុំសម្រេចកែច្នៃកង់បីជាកន្លែងព្រីនឯកសារតែម្ដង»។

មកទល់ពេលនេះ លោក សុវណ្ណឆៃ បានឱ្យដឹងថា លោកបានកែច្នៃកង់បីធ្វើជាកន្លែងព្រីនឯកសារនេះ រយៈពេលជាងបីឆ្នាំហើយពោលគឺ ចាប់តាំងពីចុង ឆ្នាំ២០២០មកម្ល៉េះ។

ដ្បិតថាអាចធ្វើបានតែមួយព្រឹកស្របតាមម៉ោងធ្វើការរបស់ខាងស្ថានទូតចិន តែគំនិតច្នៃប្រឌិតរបស់ លោក សុវណ្ណឆែ អាចទទួលបានភ្ញៀវប្រមាណ ១០នាក់ជាប្រចាំក្នុងមួយថ្ងៃ។ លោក បានបន្តឱ្យដឹងថា៖ «ភ្ញៀវរបស់ខ្ញុំទាំងខ្មែរ និងចិន ភ្ញៀវទាំងនោះភាគច្រើនមានកិច្ចការត្រូវបំពេញនៅក្នុងស្ថានទូត ដោយខ្វះខាតឯកសារ ២-៣សន្លឹក គាត់មកព្រីនកន្លែងខ្ញុំ»។

ទាក់ទិនទៅនឹងការកែច្នៃកង់បីនេះវិញ បុរសវ័យ ៣៣ឆ្នាំរូបនេះ និយាយថា កន្លែងព្រីនចល័តនេះគឺជាការកែច្នៃ កន្លែងអង្គុយក្នុងកង់បីសម្រាប់ដាក់កូនម៉ាស៊ីនព្រីនតូចមួយ ចំណែកឯអគ្គិសនីគឺលោកបានដាក់ផ្ទាំងសូឡាមួយបន្ទះ និងដុំទប់ភ្លើងមួយ ដើម្បីបំប្លែងវាសម្រាប់ដំណើរការម៉ាស៊ីនព្រីន។

ធ្វើការពីរផ្សេងគ្នាក្នុងមួយថ្ងៃ លោក សុវណ្ណឆៃ បានរៀបរាប់ឱ្យដឹងពីភាពខុសគ្នានៃការរត់កង់បី និងព្រីនឯកសាររបស់លោកថា ៖ «សម្រាប់ការរត់កង់បីគឺយើងបានចំណូលដោយថ្ងៃទេ ឬហេងស៊យទេ តែបើការព្រីនយើងទៀងទាត់ជាង ពេលខ្លះមានម៉ូយថែមទៀត អញ្ចឹងហើយយើងមិនអត់បានចំណូលសោះនោះទេ តែបានបន្តិចបន្តួចគឺដឹងតែបានរាល់ថ្ងៃ ណាមួយវាក៏មិនអស់សេវា អស់ហ្គាសដែរ យើងគ្រាន់ដាក់បញ្ឈរចោល»។

ចំពោះការត់កង់បីនៅពេលរសៀល លោកបានឱ្យដឹងថាពេលនេះគឺមិនទៀងទាត់ទេ ម្យ៉ាងវាជាខែភ្លៀង ពេលខ្លះភ្លៀងខ្លាំងគឺមិនហ៊ានចេញរត់នោះទេ ពោលគឺខ្លាចមានបញ្ហាដល់កង់បី តម្រូវឱ្យជួលជុលអស់ថវិកាច្រើន។

ដ្បិតថាមិនទាន់មានជីវភាពប្រសើរខ្លាំងនៅឡើយ តែបុរសរូបនេះថាលោកមិនអស់សង្ឃឹម និងនៅតែខិតខំតស៊ូបន្តទៀត។ លោក ឃួន សុវណ្ណឆៃ បានបង្ហើបឱ្យដឹងពីស្ថានភាពរបស់ខ្លួនមុនប្រកបរបរសព្វថ្ងៃដូច្នេះថា ៖ «ជីវិតខ្ញុំទទួលបានការសិក្សាតិចតួចខ្លាំងណាស់ ដោយសារតែជីវភាព ដោយសារតែនៅជនបទ រហូតដល់ចុងក្រោយទើបខ្ញុំសម្រេចចិត្តឡើងមកភ្នំពេញដើម្បីរកការងារធ្វើ»។

មានស្រុកកំណើតនៅខេត្តស្វាយរៀង លោក ឃួន សុវណ្ណឆៃ បានផ្លាស់ប្តូរទីលំនៅមករាជធានីភ្នំពេញប្រមាណជា ២០ឆ្នាំហើយ ពោលគឺជាពេលដែលលោកស្ថិតនៅក្នុងវ័យជំទង់នៅឡើយ។ បច្ចុប្បន្ននេះលោក សុវណ្ណឆៃ មានកូនពីរនាក់ស្ថិតក្រោមបន្ទុក។ចំណែកឯភរិយាក៏កំពុងធ្វើការជាបុគ្គលិកផ្នែកអនាម័យនៅក្នុងក្រុមហ៊ុនឯកជនមួយដែរ។

លោក ឃួន សុវណ្ណឆៃ បានឱ្យដឹងថា ៖ «ដំបូងឡើយខ្ញុំមកភ្នំពេញ មិនទាន់មាការងារធ្វើនោះទេ ខ្ញុំតែងដើរសុំកន្លែងគេស្នាក់នៅ សុំអង្គការគេស្នាក់នៅ ដើម្បីមានឱកាសស្វែងរកការងារធ្វើផ្គត់ផ្គង់ជីវិត។ ធ្វើការៗទៅខ្ញុំក៏សម្រេចចិត្តទិញកង់បីបង់រំលោះមួយគ្រឿង តែរបររត់កង់បីរកចំណូលមិនបានច្រើន ខ្ញុំក៏ទៅការងារមួយផ្សេងនៅពេលព្រឹកគឺជាសន្តិសុខ បន្តបន្ទាប់មកទៅ រហូតដល់ព្រីនឯកសារ និងរត់កង់បីនេះ»។

ដ្បិតថាមានប្រវត្តិកម្សត់កម្រតាំងពីវ័យក្មេងក្តី តែលោក ឃួន សុវណ្ណឆៃ មិនអស់សង្ឃឹមនឹងជីវិតឡើយ ហើយលោកចង់លើកទឹកចិត្តថា មានជីវិត គឺត្រូវតែតស៊ូ។

លោក ឃួន សុវណ្ណឆៃ លើកទឹកចិត្តបែបនេះថា ៖ «ជីវិតរបស់ខ្ញុំគឺមានតែពាក្យថាតស៊ូ ដូច្នេះហើយខ្ញុំចង់ ផ្តាំផ្ញើទៅមនុស្សគ្រប់រូបថា តស៊ូទៅកុំបោះបង់ អ្វីៗផ្ដើមមកពីអត់ទាំងអស់ មិនថាជាកូនអ្នកស្រែចម្ការ ឬអ្វីនោះទេ គឺយើងត្រូវតែតស៊ូ»៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner