លោក ពូទីន ធានាសម្ព័ន្ធមិត្តនៅអាស៊ីអំពីស្ថិរភាពរបស់រុស្ស៊ីក្នុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ បន្ទាប់ពីការបះបោរ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ទៅបណ្ដាមេដឹកនាំនៃប្រទេសសម្ព័ន្ធមិត្តនៅអាស៊ី (SCO)កាលពីថ្ងៃអង្គារ ទី៤ ខែកក្កដាឆ្នាំ២០២៣នេះថា ប្រជាជនរុស្ស៊ីមានសាមគ្គីភាពជាងពេលណាៗទាំងអស់ ដែលនេះជាការធានាអំពីស្ថិរភាពរបស់រុស្ស៊ីបន្ទាប់ពីការបះបោររបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែកើតឡើងកាលពីខែមុន។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ពូទីន ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវិដេអូរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលរួមមានទាំងឥណ្ឌា និងចិន ដែលជាមហាមិត្តសំខាន់ៗ ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

លោកបន្តថា៖ «មជ្ឈដ្ឋាននយោបាយរុស្ស៊ី និងសង្គមទាំងមូល បានបង្ហាញយ៉ាងច្បាស់នូវការរួបរួម និងបង្កើនស្មារតីទទួលខុសត្រូវរបស់ខ្លួន ដោយពួកគេឆ្លើយតបជារណសិរ្សរួបរួមប្រឆាំងនឹងការប៉ុនប៉ងបះបោរដោយប្រដាប់អាវុធ»។

សុន្ទរកថារបស់លោក ពូទីន និងការសង្កត់ធ្ងន់លើការរួបរួមរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តសំខាន់ៗដូច្នេះ ហាក់ដូចជាបង្ហាញពីឆន្ទៈក្នុងការធានាអំពីសិទ្ធិអំណាចផ្ទាល់ខ្លួនរបស់លោក នៅលើឆាកអន្តរជាតិ ក្រោយការបះបោរក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ ដែលប្រយុទ្ធអមគ្នាជាមួយកងទ័ពរុស្ស៊ីក្នុងប្រតិបត្តិការឈ្លានពានអ៊ុយក្រែន។

គួរបញ្ជាក់ថា ការបះបោរដោយទាហានវ៉ាក់ណឺរ ដឹកនាំដោយចៅហ្វាយក្រុមលោក យីជីវនី ប្រ៊ីហ្គោហ្ស៊ីន កាលពីចុងខែមិថុនា គឺជាការប្រឈមមុខអំណាចនយោបាយដ៏ធំសម្រាប់លោក ពូទីន ចាប់តាំងពីលោកឡើងកាន់តំណែងជាមេដឹកនាំកំពូលរបស់រុស្ស៊ីមក។ យ៉ាងណាមិញ ការបះបោរត្រូវបានបញ្ចប់ទៅវិញ ក្នុងរយៈពេលខ្លី ក្រោយមានការសម្របសម្របសម្រួលរវាងប្រធានាធិបតីបេឡេរូស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់របស់លោក ពូទីន និងលោក ប្រ៊ីហ្គោហ្ស៊ីន។

ក្រោយភាពតានតឹងបញ្ចប់ទៅលោក ពូទីន បានថ្លែងអំណរគុណដល់កងទ័ព និងសេវាកម្មសន្តិសុខរបស់លោកជាបន្តបន្ទាប់ សម្រាប់ការបញ្ជៀសភាពចលាចល និងសង្គ្រាមស៊ីវិល ខណៈចោទលោកខាងលិចថា ចង់ឱ្យរុស្ស៊ីធ្វើការកាប់សម្លាប់គ្នាឯង។

ក្នុងសុន្ទរកថាជាថ្មីម្ដងទៀតនៅថ្ងៃអង្គារលោក ពូទីន បានថ្លែងថា រុស្ស៊ីនឹងក្រោកឈរឡើងប្រឆាំងនឹងទណ្ឌកម្មនិងការបង្កហេតុរបស់លោកខាងលិច។លោកនិយាយថា ទីក្រុងមូស្គូមានគម្រោងជំរុញទំនាក់ទំនងជាមួយអង្គការសហប្រតិបត្តិការសៀងហៃនិងគាំទ្រកំណែទម្រង់ទៅរកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ពាណិជ្ជកម្មបរទេស ខណៈព្រមានផងដែរថា សក្តានុពលនៃជម្លោះ និងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោក កំពុងកើនឡើង៕ ដោយ៖ ហួន ឌីណា

ads banner