លោកស្រី សឿ សុជាតា៖ ការយល់ច្បាស់ពីតម្លៃនៃសុខភាពសិក្សា ជាចលករអាទិភាពឆ្ពោះទៅសម្រេច បានជោគជ័យទិសដៅអភិវឌ្ឍន៍ជាតិ ២០៣០ និង២០៥០

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិប្រែក្លាយប្រទេសទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍមានចំណូលខ្ពស់នាឆ្នាំ២០៥០ កម្ពុជាចាំបាច់ត្រូវមានធនធានមនុស្សដែលមានសម្បទាទាំង៥រឹងមាំ នោះគឺចំណេះសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា។

លោកជំទាវបានថ្លែងដូចនេះក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃ ស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីសុខភាពសិក្សា និងបន្ស៊ីផែនការប្រតិបត្តិប្រចាំឆ្នាំ និងផែនការសកម្មភាពសុខភាពសិក្សានៅតាមគ្រប់ស្ថាប័ នាមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង។

តាមរយៈក្រសួងអប់រំ លោកជំទាវ សឿ សុជាតា មានប្រសាសន៍ថា ៖ «សម្បទាទាំងប្រាំនេះ អាចសម្រេចបាន នោះគឺចាំបាច់ទាមទារការចូលរួមដោយស្មារតីទទួលខុសត្រូវរបស់យើងទាំងអស់គ្នាជាក្រុមការងារ និងមហាជនកម្ពុជាគ្រប់រូប»។

លោកស្រីបន្តថា ៖ «ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជាអនុសាសន៍នាពេលកន្លងមកហើយថា ដើម្បីមនុស្សទាំងអស់អាចមានលទ្ធភាពក្លាយជាពលរដ្ឋសកម្មរបស់ជាតិ ជាពលរដ្ឋសកលបាន មនុស្សចាំបាច់ត្រូវមានសុខភាពល្អ។ មនុស្សមានសុខភាពល្អបានទាល់តែមនុស្សស្គាល់ពីតម្លៃសុខភាពនិងយល់ច្បាស់ពីវិធានថែរក្សាសុខភាព ព្រមទាំងចេះស្រឡាញ់សុខភាពរបស់ខ្លួនឯងនិងរបស់មនុស្សជុំវិញខ្លួន»។

នាឱកាសនោះដែរ លោកស្រី សឿ សុជាតា ក៏បានស្នើឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ការបង្ហាញពីវិធីបន្ស៊ីផែនការប្រតិបត្តិទៅនឹងផែនការសកម្មភាពសុខភាពសិក្សា និងការរៀបចំយន្តការរបាយការណ៍តាមកាលកំណត់ដែលជំរាបជូនមន្រ្តីជំនាញនៃនាយកដ្ឋានសុខភាពសិក្សាផងដែរ។

ថ្លែងក្នុងសិក្ខាសាលានេះដែរ លោក រិន សាវ៉េត អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តួចផ្តើមកសាងគោលនយោបាយស្តីពីសុខភាពសិក្សានេះឡើង។

លោកបានលើកឡើងថា អាស្រ័យគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ប្រជាជនខេត្តកំពង់ឆ្នាំងបានឆ្លងផុតគ្រោះភ័យបង្កដោយជំងឺកូវីដ១៩ ការអប់រំផ្តល់ចំណេះដឹងដល់កុមារក៏បានដំណើរការដោយជោគជ័យ មិនតែប៉ុណ្ណោះ បរិស្ថានគ្រប់គ្រឹះស្ថានសិក្សាមានការអភិវឌ្ឍបានកាន់តែល្អប្រសើរតាមទិសដៅគ្រឹះស្ថានសិក្សា១ ជាតំបន់សុវត្ថិភាព១ ។

ជុំវិញរឿងនេះ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា លោក ហេង វណ្ណដា នៅថ្ងៃទី៤ ខែកក្កដា បានបា្រប់ឱ្យដឹងថា ផែនការ និងគោលនយោបាយដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញដើម្បីលើកកម្ពស់សុខភាពសិក្សា គឹជាផ្នែកមួយ និងជារឿងមួយដ៏ល្អ ព្រមទាំងចាំបាច់សម្រាប់ជំរុញឱ្យសិស្សានុសិស្ស នៅតាមសាលារៀន និងមណ្ឌលសិក្សា មានសុភាពល្អទាំងស្មារតី និងកាយសម្បទា។

លោកបានប្រាប់ថា ៖ «ពាក់ព័ន្ធនឹង គោលនយោបាយស្តីពីសុខភាពសិក្សា កាលពីដើម យើងធ្លាប់មានបទពិសោន៍ នៅតាមសាលារៀននីមួយៗ ដោយបានផ្តោតលើការហាត់ច្រៀង រាំ និងលេងកីឡាផ្សេងៗ នៅក្នុងសាលា ដើម្បីផ្តល់នូវសុខភាពល្អជូនសិក្សានុសិស្ស ស្របពេលជាមួយគ្នានេះ នៅពេលដែលពួកគេ (សិស្សានុសិស្ស) សប្បាយរីករាយ ពួកគេ និងមិនទៅប្រព្រឹត្តិផ្តេសផ្តាស់នោះទេ»។

យោងតាមក្រសួងអប់រំ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានបង្កើតនូវគោលនយោបាយជាតិស្តីពីសុខភាពសិក្សាត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ជាធរមាន នាខែមេសា ឆ្នាំ២០១៩ និងបានកំណត់ជាយន្តការគ្រប់គ្រងការប្រតិបត្តិទាំងនៅថ្នាក់ជាតិ រាជធានី ខេត្ត ខណ្ឌ ស្រុក ឃុំ សង្កាត់ រោងចក្រ សហគ្រាស ព្រមទាំងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនគ្រប់កម្រិតភូមិសិក្សា។ ក្នុងនោះ គណៈកម្មាធិការអន្តរវិស័យបានកំណត់ចេញជាផែនការសកម្មភាពជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តរយៈពេល១០ឆ្នាំ (២០២១-២០៣០)៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner