រដ្ឋាភិបាលបណ្តេញជនបរទេសបំរើការក្រុមហ៊ុន Meta Platform Inc. ចេញពីកម្ពុជា (Video Inside)

រាជរដ្ឋាភិបាលបានបណ្តេញជនបរទេសចំនួន២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platform Inc. ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានប្រកាសនៅថ្ងៃនេះ។

ឈ្មោះជនបរទេសទាំង២២ ត្រូវបានដាក់បង្ហាញទាំងអស់នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសថ្ងៃទី៤កក្កដានេះ។ សេចក្តីថ្លែងការណ៍បានទុកពេលវេលារយៈពេល ៤៨ ម៉ោងសម្រាប់ជនបរទេសទាំង២២នាក់នោះ ត្រូវចាកចេញពីទឹកដីកម្ពុជា គិតចាប់តាំងពីម៉ោង៤ រសៀលថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣។

ការបណ្តេញមនុស្សទាំង២២នាក់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Meta Platform Inc បានប្រកាសផ្អាកជាបណ្តោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។

ក្រសួងការបរទេសកម្ពុជាចាត់ទុកថាសេចក្តីសម្រេចផ្អាក គណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ដោយក្រុមហ៊ុន Meta Platform Inc. គឺមាន «លក្ខណៈនយោបាយ»។ សេចក្តីថ្លែងការណ៍បន្តថា ការសម្រេចនេះទៀត «មានចេតនារារាំងសេរីភាពសារព័ត៌មាន របស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបាន ព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពលរដ្ឋគាំទ្រ និងពេញចិត្ត»។

សម្តេចតេជោបានថ្លែងតាមបណ្តាញ Channel Telegram ជាមួយការបង្ហាញរូបថតជនបរទេសទាំង២២នាក់នោះបញ្ជាក់ថា «អ្នកទាំងនោះមិនត្រូវបានឱ្យចូលស្រុកខ្មែរអស់មួយជីវិត»។ ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ទៀតថា «នេះជាលទ្ធផលដែលពួកអ្នកបង្កឡើង តាមរយៈនយោបាយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា»។

ads banner