រាជរដ្ឋាភិបាលប្រកាសបង្កើនកម្រិតប្រាប់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ (Video Inside)

រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ការដំឡើងកម្រិត និងការផ្តល់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិត, មន្រ្តីរាជការជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។

សេចក្តីប្រកាសថ្ងៃទី៤កក្កដាបានសរសេរថា ការសម្រេចបង្កើនប្រាក់ឧបត្ថម្ភទាំងនេះ «ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញា ស្មារតី ក្នុងរយៈពេល១ពាន់ថ្ងៃដំបូងនៃជីវិត»។

ការបង្កើនការឧបត្ថម្ភបន្ថែមនេះ នឹងចាប់ផ្តើម អនុវត្តចាប់ពីថ្ងៃទី១ខែសីហា ឆ្នាំ២០២៣ តទៅ។ សេចក្តីប្រកាសព័ត៌មាន បានសរសេរថា ការបង្កើនប្រាក់ឧបត្ថម្ភនេះទៀត បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្តីមានផ្ទៃពោះ និងកុមារតូច ស្របតាមអាទិភាពដែលកំណត់យក «មនុស្ស» ជាចម្បង និងគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសដើម្បីលើកទឹកចិត្តស្ត្រីមានផ្ទៃពោះឱ្យមកទទួលសេវាពិនិត្យផ្ទៃពោះឱ្យបានសមស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញា ស្មារតី របស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះ ក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់បន្តអភិ វឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់, សមធម៌, និងបរិយាបន្ននាពេលអនាគត។

ads banner