រដ្ឋបាលរាជធានីប្រើពេលវេលាច្រើនម៉ោងក្នុងការរំដោះទឹកចេញពីខណ្ឌដែលលិច (Video Inside)

រដ្ឋបាលរាជធានី បានប្រើពេលវេលាច្រើនម៉ោងក្នុងការរំដោះទឹកភ្លៀងចេញពីខណ្ឌដែលលិច ក្នុងរាជធានី ដោយសារតែការធ្លាក់ភ្លៀងកម្ពស់១៥៣មីលីម៉ែត្រ។ ផ្លូវមួយចំនួនដូចជាផ្លូវម៉ៅសេទុង, ផ្លូវកម្ពុជាក្រោម, ផ្លូវ២០០៤ និងផ្លូវមួយចំនួនទៀត ត្រូវបានលិចលង់ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីល្ងាចថ្ងៃទី៣កក្កដា បើទោះបីជាតំបន់ទាំងនេះមានដាក់ប្រព័ន្ធលូរួចរាល់ក៏ដោយ។

អាជ្ញាធរបានថ្លែងថាភ្លៀងធ្លាក់ខ្លាំងពេកដែលប្រព័ន្ធលូបង្ហូរមិនទាន់ និងការកកស្ទះប្រព័ន្ធលូតាមកន្លែងខ្លះដោយសារសម្រាម គឺជាមូលហេតុដែលនាំឱ្យទឹកបានចាល់លិច។ កាកសំណល់សម្រាម និងភក់ត្រូវគេឃើញរាយប៉ាយនៅលើទ្រូងផ្លូវ ខណៈដែលកម្លាំងបោសសំអាតត្រូវគេឃើញបានធ្វើកិច្ចការសំអាតទីក្រុងរបស់ខ្លួន បន្ទាប់ពីទឹកត្រូវបានបូមរំដោះ ចេញទាំងយប់នោះមក។

យោងតាមរដ្ឋបាលរាជធានី ផ្លូវកម្ពុជាក្រោមត្រូវបានរំដោះទឹកអស់នៅម៉ោង១២យប់, ផ្លូវ២០០៤ នៅវេលាម៉ោង១យប់ និងផ្លូវម៉ៅសេទុងរហូតទាល់តែម៉ោង៣ទាបភ្លឹ។ ដោយឡែកការលិចលង់ក្នុងតំបន់បឹងទំពន់ ដែលមានលក្ខណៈដីទាបជាងគេ បានបន្តធ្វើរហូតមកដល់ថ្ងៃអង្គារ៍ទី៤កក្កដា ខណៈដែលខណ្ឌដទៃទៀត ដូចជាខណ្ឌដង្កោ និងខណ្ឌមានជ័យ មានសេចក្តីរាយការណ៍ការលិចដោយជំនន់ទឹកភ្លៀងដ៏ធំនេះផងដែរ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងថា ការធ្លាក់ភ្លៀងវេលាល្ងាចថ្ងៃទី៣កក្កដា គឺជាការធ្លាក់ភ្លៀងដ៏ធំមានកម្ពស់ទឹក១៥៣មីលីម៉ែត្រ ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់ខ្លាំង មិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះឡើយ។

ads banner