អាជ្ញាធរត្រៀមលក្ខណៈទុកជាមុន ដើម្បីជួយជម្លៀសពលរដ្ឋដែលរងគ្រោះទឹកជំនន់ (Video Inside)

អាជ្ញាធរក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ បានត្រៀមលក្ខណៈក្នុងការជួយជម្លៀសពលរដ្ឋចេញពីជំនន់ទឹកភ្លៀង។ ការត្រៀមលក្ខណៈទុកជាមុននេះ បានធ្វើឡើង ក្នុងឱកាសដែលអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គីម វីរៈ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ពិនិត្យការជន់លិចផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក គីម វីរៈ បានថ្លែងថា ក្រោយពីមានការព្យាករណ៍ដោយក្រសួងធនធានទឹក និងឧតុនិយម អំពីធាតុអាកាសនៅកម្ពុជា ដែលនឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ, ការព្យាករណ៍បានបង្ហាញការបន្តនឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។

លោក គីម វីរៈ បានបញ្ជាក់ថា គិតមកទល់ពេលនេះ ពុំទាន់មានប្រជាពលរដ្ឋត្រូវបានជម្លៀសឡើងទីទួលសុវត្ថិភាពនោះទេ ខណៈអាជ្ញាធរក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ បានរៀបចំទីបញ្ជាការស្រាលសម្រាប់ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោក គីម វីរៈ ថ្លែងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងនៃភូមិភាគពិសេស រួមជាមួយបញ្ជាការដ្ឋានទ័ពពិសេស និងមន្រ្តីមូលដ្ឋានបានរៀបចំផែនការ និងការត្រៀមបង្ការ ក្នុងករណីភ្លៀងបន្តបង្អុលធ្លាក់ក្នុងកម្រិតខ្លាំង ត្រៀមជួយរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ទាំងការដឹកជញ្ជូនសម្ភារៈចាំបាច់ទាំងឡាយ ឬជម្លៀសជាដើម។

លោក គីម វីរៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋត្រូវរាយការណ៍ឲ្យបានឆាប់រហ័ស ដើម្បីឲ្យការឆ្លើយតបចំពោះប្រតិបត្តិការជួយបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ads banner