ក្រសួងអប់រំដាក់ចេញយុទ្ធនាការអប់រំឌីជីថលដល់សិស្សជាង៤ម៉ឺននាក់ (Video Inside)

សិស្សជាងបួនម៉ឺននាក់ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានកម្មវិធីសិក្សាអប់រំឌីជីថល ដែលនឹងប្រព្រឹត្តទៅក្នុងខែកក្កដានេះ។

យុទ្ធនាការនឹងត្រូវអនុវត្តនៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន៣៨ នៅក្នុងរាជធានីភ្នំពេញ ហើយសិស្សានុសិស្សជាង ៤ម៉ឺននាក់ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលការបណ្តុះបណ្តាល ដោយគរុនិស្សិត និងគរុសិស្សស្ម័គ្រចិត្តចំនួន៣៦៧នាក់ ដែលនឹងត្រូវចុះផ្ទាល់ទៅកាន់ថ្នាក់រៀនជិតមួយពាន់បន្ទប់នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ, តាមរយៈយុទ្ធនាការនេះ, គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ និងគរុសិស្ស នៃវិជ្ជាស្ថានគរុកោសល្យរាជធានីភ្នំពេញ នឹងផ្តល់ជូនដល់សិស្សានុសិស្សពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដែលផ្តល់ការបណ្តុះបណ្តាលនៅតាមថ្នាក់រៀននីមួយៗ ដោយផ្ទាល់លើប្រធានបទចំនួន៦។

ប្រធានបទទាំងនោះរួមមានការស្វែងយល់ពី វិធីសាស្ត្ររៀន, ការរៀនដោយស៊ីជម្រៅដោយប្រើប្រាស់ធនធានសិក្សាចម្រុះ, ការរៀនតាមបែបពន្លឿន, ការបង្កើតក្លឹបសិក្សាសម្រាប់សិស្សរៀនយឺត ឬក្លឹបសិក្សាមុខវិជ្ជា, ការបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រើប្រាស់កម្មវិធីទួរស័ព្ទដៃ «ទូរសិក្សា»។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា យុទ្ធនាការកម្មវិធីសិក្សាអប់រំឌីជីថលនេះ នឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌល សម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

ads banner