ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នឹងបន្ដក្នុងសប្ដាហ៍ទៅមុខនេះ (Video Inside)

បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ នឹងនៅតែកើតមានថែមទៀតក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជាបានទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំ និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពកម្ដៅអប្បបរមារវាងពី២៤ ទៅ២៦ អង្សាសេ និងសីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ៣៤ទៅ ៣៦អង្សាសេ។ សីតុណ្ហភាពកម្ដៅនេះ បើប្រៀបធៀបនឹងសប្តាហ៍មុន គឺបានកើនឡើង១អង្សា សេ។ យោងតាមការព្យាករណ៍, ក្នុងតំបន់ទំនាប កណ្ដាលដែល រួមមានរាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំ ដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។

ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី ២៤ទៅ ២៦ អង្សាសេ និងសីតុណ្ហភាពកម្ដៅ អតិបរមា មានរវាងពី ៣៣ទៅ ៣៥ អង្សាសេ។ បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហភាពកម្ដៅទាំងពីរនេះ គឺនៅថេរ។ យោងតាមការព្យាករណ៍ដដែល តំបន់ខ្ពង់រាបដែលរួមមាន៖ ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង, ខេត្តបន្ទាយមានជ័យ, ខេត្ដឧត្ដរមានជ័យ, ខេត្ដប៉ៃលិន, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្ដត្បូងឃ្មុំ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និងខេត្តព្រះវិហារ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួច និងមធ្យមដោយ ផ្នែកខ្លះលាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកនៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី២៥ ទៅ២៧ អង្សាសេ និងសីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣២ទៅ ៣៤ អង្សាសេ ដែលសីតុណ្ហភាពកម្ដៅទាំងពីរនេះ គឺនៅថេរ បើប្រៀបធៀបនឹងសប្ដាហ៍មុន។ យោងតាមការព្យាករណ៍ក្នុងតំបន់មាត់សមុទ្រ ដែលរួមមាន៖ ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកែប និងខេត្តកោះកុង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

ads banner