អ៊ីស្រាអែលវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា ឆ្លើយតបនឹងការបាញ់គ្រាប់រ៉ុក្កែត
ហ្សេរុយសាឡិម៖ អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាស លើតំបន់ហ្កាហ្សា ខណៈកងទ័ពដកខ្លួនចេញពីក្រុងជេនីន (Jenin) ។
អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស លើតំបន់ Gaza Strip កាលពីថ្ងៃពុធ សប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែត ចេញពីតំបន់ឆ្នេរសមុទ្រប៉ាឡេស្ទីន ខណៈដែលយោធាបានចាប់ផ្តើមដកកងកម្លាំងចេញពីក្រុង (Jenin) នៅតំបន់ West Bank បន្ទាប់ពីប្រតិបត្តិការរយៈពេលពីរថ្ងៃដ៏សកម្ម នៅក្នុងតំបន់នោះ។
ជនជាតិប៉ាឡេស្ទីន១២នាក់ និងទាហានអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងការវាយលុកលើជំរុំជនភៀសខ្លួន Jenin ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍នេះ ពោលគឺក្រោមរដ្ឋាភិបាលស្តាំនិយមរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ។
ការវាយឆ្មក់ដែលជាប្រតិបត្តិការយោធាដ៏ធំបំផុតរបស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ នៅតំបន់ West Bank ដោយបានប្រើប្រាស់ទាហានរាប់រយនាក់ ក៏ដូចជា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងការឈូសឆាយរបស់កងទ័ព ដែលបានវាយលុកតាមដងផ្លូវ។
ជាមួយគ្នានេះ មានករណីរថយន្តបើកបុក និងចាក់សម្លាប់ ក្នុងទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ដោយបានធ្វើឱ្យមនុស្សប្រាំពីរនាក់រងរបួស មុនពេលជនសង្ស័យត្រូវបានបាញ់សម្លាប់។
នៅព្រឹកថ្ងៃពុធ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីខ្លួនបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតចំនួន ៥ គ្រាប់ ដែលបានបាញ់ទៅលើទឹកដីអ៊ីស្រាអែល។
ប្រភពសន្តិសុខប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារបានវាយប្រហារលើទីតាំងយោធារបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅភាគខាងជើងហ្គាហ្សា ប៉ុន្តែ មិនមានអ្នករងរបួសនោះទេ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
