ឯកឧត្តម ឌិត ទីណា ជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំចំនួន ៣៩១នាក់ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំចំនួន ៣៩១នាក់ មកពីឃុំគោកស្រុក ,ឃុំតំបែរ ,និងឃុំត្រពាំងព្រីង , ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ឌិត ទីណា បានសម្តែងនូវការកោតសរសើរដល់សកម្មជនគណបក្សឃុំ ដែលបានខិតខំអស់ពីកំលាំងកាយចិត្ត លើការងារបក្សក្នុងមូលដ្ឋានរបស់ខ្លួន និងមានភាពរឹងមាំ ហើយបន្តត្រូវជឿជាក់ និងមានភាពស្មោះត្រង់ចំពោះបក្ស។ ទន្ទឹមនឹងនេះដែរ សកម្មជនបក្សចាំបាច់ត្រូវធ្វើការពង្រឹងការងារគ្រប់គ្រងតួលេខឱ្យបានត្រឹមត្រូវ ព្រមទាំងពិនិត្យសម្របសម្រួល និងព្យាយាមដោះស្រាយជូនសមាជិកឱ្យមានលទ្ធភាពបោះឆ្នោតបានទាំងអស់គ្នា។ លើសពីនេះទៀត គឺត្រូវបើកទូលាយសម្រាប់អ្នកស្ម័គ្រចិត្តចូលរួមជីវភាពបក្ស ដោយភាពស្មោះត្រង់ និងអាកប្បកិរិយាល្អ។ ចំពោះសកម្មជនបក្សត្រូវចូលរួមឃោសនាក្នុងអំឡុងពេលយុទ្ធនាការ ២១ថ្ងៃនេះឱ្យបានល្អបំផុត និងជំរុញឱ្យសមាជិកទៅបោះឆ្នោតទាំងអស់គ្នា។

បើតាម របាយការណ៍ពីគណបក្សឃុំ បានឱ្យដឹងថា ឃុំគោកស្រុកមានប្រជាជនសរុប ១០.៩៦៦នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៦.៣៦១នាក់ ហើយសមាជិកបក្សមានចំនួន ៤.៩៦០នាក់ ។ ឃុំតំបែរមានប្រជាជនសរុប ៩.៨១២នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៦.៥៨៧នាក់ ហើយសមាជិកបក្សមានចំនួន ៥.៣៧២នាក់។ ឃុំត្រពាំងព្រីងមានប្រជាជនសរុប ១៤.៦៨០នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨.២៦០នាក់ ហើយសមាជិកបក្សមានចំនួន ៦.៣៦៣នាក់ ។

សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ គឺមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន០៩ គឺ៖ គណបក្សខ្មែរតែមួយ ,គណបក្សសញ្ជាតិខ្មែរ ,គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរឈប់ក្រ, គណបក្សហ៊្វុនស៊ីនប៉ិច, គណបក្សធម្មាធិបតេយ្យ, គណបក្សយុវជនកម្ពុជា ,គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ,និងគណបក្សប្រជាជនកម្ពុជា៕



ប្រភព៖ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកតំបែរ