ចិនចោទសហរដ្ឋអាមេរិកថា កំពុងនាំតៃវ៉ាន់ឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយ

ប៉េកាំង៖ ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា កិច្ចព្រមព្រៀងទិញ-លក់គ្រឿងសព្វាវុធ ដែលនឹងមកដល់ជាកញ្ចប់ពីរដាច់ដោយឡែកពីគ្នា នឹងជួយជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ និងរក្សានូវសមត្ថភាពការពារដែលអាចទុកចិត្តបាន។

ក្រសួងការពារជាតិចិន នៅថ្ងៃពុធនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីចេតនាបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឱ្យមានការលក់លក់គ្រាប់រំសេវ និងគ្រឿងសម្ភារៈយោធាផ្សេងទៀតមានតម្លៃ ៤៤០លានដុល្លារទៅឱ្យទីក្រុងតៃប៉ិកាលពីសប្តាហ៍មុន។

កញ្ចប់សព្វាវុធដែលរួមមានគ្រាប់រំសេវ ៣០mm អាវុធធុនតូច ប្រព័ន្ធអាវុធប្រយុទ្ធ និងសម្ភារៈជំនួយផ្នែកដឹកជញ្ជូនផ្សេងទៀត ត្រូវបានអនុម័តកាលពីសប្តាហ៍មុន ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងជ្រៀតជ្រែកយ៉ាងជ្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួន។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក តាន់ ខេហ្វៃ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កិច្ចព្រមព្រៀងនេះ គឺស្មើនឹងការពន្លឿនការប្រែក្លាយតៃវ៉ាន់ទៅជា “ធុងម្សៅ” និងរុញច្រានប្រជាជនតៃវ៉ាន់ឱ្យធ្លាក់ចូលទៅក្នុងទីជ្រៅនៃគ្រោះមហន្តរាយ។

ជាមួយគ្នានេះ លោក តាន ក៏បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការលក់គ្រឿងសព្វាវុធឱ្យតៃវ៉ាន់ និងបញ្ចប់ទម្រង់ណាមួយនៃការឃុបឃិតគ្នាផ្នែកយោធារវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ដោយលោកក៏បានអំពាវនាវដល់រដ្ឋបាលរបស់លោក បៃដិន ឱ្យគោរពលក្ខខណ្ឌនៃគោលការណ៍ចិនតែមួយ ដែលទីក្រុងប៉េកាំងបានបញ្ជាក់ថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីអធិបតេយ្យភាពរបស់ខ្លួន និងជាខេត្តដាច់ចេញពីគ្នា ដែលនឹងត្រូវប្រគល់ឱ្យប្រទេសចិនវិញទាំងស្រុង៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner