ប្រធាន គ.ជ.ប ៖ ទឹកខ្មៅលុបមិនជ្រះកម្រិតសូលីស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ មិនអាចលុបជ្រះភា្លមៗបានឡើយ

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញៈ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ទឹកខ្មៅលុបមិនជ្រះកម្រិតសូលីស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នៅស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតស្ងួតលឿនក្នុងបរិយាកាសមិនអាចលុបជ្រះភា្លមៗបានឡើយ។ ហើយគុណភាពនេះ ប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែល គ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចធានាបាននៅគុណភាពប្រើប្រាស់ និងអាចធានាបានសុខភាពអ្នកដែលបានប្រើប្រាស់។ ការបញ្ជាក់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនដល់ភាគីពាក់ព័ន្ធអំពីគោលការណ៍នៃការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះថា ផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត ទឹកខ្មៅលុបមិនជ្រះដែលអាចមើលឃើញច្បាស់ត្រូវបានដាក់បញ្ញត្តិឲ្យប្រើក្នុងការបោះឆ្នោតសម្រាប់បង្ការការបោះឆ្នោតលើសពីមួយដង។ ពីព្រោះថា គោលការណ៍នៃការបោះឆ្នោតនៅកម្ពុជា គឺដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ហើយប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត គឺបោះឆ្នោតបានតែមួយសន្លឹកប៉ុណ្ណោះ ។ ដូច្នេះមិនខុសពីការបោះឆ្នោតនីតិកាលមុនៗទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គ.ជ.ប នៅតែរក្សាទឹកខ្មៅលុបមិនជ្រះដែលបញ្ជាទិញពីក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេសផលិតទឹកខ្មៅ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោតដែលអាចធានាបានគុណភាព និងសុវត្ថិភាព ពេលដែលបោះឆ្នោត។ ហើយក៏មានប្រទេសជាតិ ៣០ នៅលើសកលលោកបានប្រើប្រាស់ទឹកខ្មៅរបស់ក្រុមហ៊ុននេះ ដែលមានដូចជា ឥណ្ឌា(ខ្លួនឯង) កម្ពុជា ម៉ាឡេស៊ី នេប៉ាល់ អាហ្វិកខាងត្បូង ប៉ាគីស្ថាន និងអាហ្កានីស្ថាន ជាដើម…។ល។
ប្រធាន គ.ជ.ប បានបន្តថា មុននឹងធ្វើការបញ្ជាផលិតជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ គ.ជ.ប បានស្នើសុំគំរូទឹកខ្មៅលុបមិនជ្រះដើម្បីសាកល្បងជាមុនពីក្រុមហ៊ុនមានចំនួន ៤កម្រិត គឺកម្រិតសូលីស្យុងប្រាក់នីត្រាត ២៥% , កម្រិតសូលីស្យុងប្រាក់នីត្រាត ២០% , កម្រិតសូលីស្យុងប្រាក់នីត្រាត ១៨% និងកម្រិតសូលីស្យុងប្រាក់នីត្រាត ១៥% ។ មន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានធ្វើការសាកល្បងគំរូទឹកខ្មៅលុបមិនជ្រះដែលក្រុមហ៊ុនបានផ្តល់ជូន ៤កម្រិតនេះ ឃើញថា ទឹកខ្មៅលុបមិនជ្រះកម្រិតសូលីស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នៅស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតស្ងួតលឿនក្នុងបរិយាកាសមិនអាចលុបជ្រះភា្លមៗបានឡើយ។ ហើយគុណភាពនេះ ប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែល គ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចធានាបាននៅគុណភាពប្រើប្រាស់ និងអាចធានាបានសុខភាពអ្នកដែលបានប្រើប្រាស់។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា បន្ទាប់ពីសាកល្បងគុណភាពរួចនៅខែកុម្ភៈ ឆ្នាំ២០២៣ គ.ជ.ប បានធ្វើការបញ្ជាផលិតជាផ្លូវការទៅក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា នៅទឹកខ្មៅលុបមិនជ្រះកម្រិតសូលីស្យុងប្រាក់នីត្រាត ២០% ចំនួន ៥២០០០ដប ក្នុងមួយដបចំណុះ ៧០មីលីលីត្រ ដោយដបនិមួយៗរចនាខ្លីជាងមុន និងមានអេប៉ុងខាងក្នុងដប ដើម្បីឲ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការជ្រលក់ម្រាមដៃ ។ ហើយនៅក្នុងខែមេសា ឆ្នាំ២០២៣ គ.ជ.ប ក៏បានចាត់តាំងមន្ត្រីជំនាញទៅចូលរួមខ្សែចង្វាក់ផលិតទឹកខ្មៅនេះ នៅទីតាំងក្រុមហ៊ុននាប្រទេសឥណ្ឌាផ្ទាល់តែម្តង។ ទឹកខ្មៅលុបមិនជ្រះនេះ មានសុពលភាព ៦ខែ គិតបន្ទាប់ពីការផលិត ការបរិច្ឆេទប្រើចុងក្រោយខែវិច្ឆិកា ឆ្នាំ២០២៣ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ទឹកខ្មៅលុបមិនជ្រះដែលប្រើប្រាស់ក្នុងការបោះឆ្នោតនេះ ត្រូវបញ្ជាផលិតដោយចំណាយថវិកាសរុបជាង ៩សែន ៦ម៉ឺដុល្លារ ក្នុងនោះមួយដបស្មើនឹង ១៧,៦៣ដុល្លារ៕ ដោយៈពលជ័យ

ads banner