សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជន និងពង្រឹងអំពីការគូសសន្លឹកឆ្នោត ដល់សមាជិកបក្ស និងអ្នកគាំទ្រគណបក្ស

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានបន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជន និងពង្រឹងអំពីការគូសសន្លឹកឆ្នោត ទៅកាន់សមាជិកបក្ស និងអ្នកគាំទ្រគណបក្ស ខណៈដែលសម្តេចបានបន្តជួបសំណេះសំណាលជាមួយសមាជិកបក្ស ឃុំគ្រួស និងឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងចំនួនជាង ១ពាន់នាក់ ក្នុងថ្ងៃទី០៦ នៃយុទ្ធនាការឃោសបោះឆ្នោតជ្រើសរើស ជ្រើសតាំងតំណាងរាស្ត្រ អាណត្តទី៧ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះកុំបីខាន ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានស្នើសុំការគាំទ្របន្ថែមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី១៨ និងមានរូបសញ្ញា ទេវតាបាចផ្កា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានរំឭកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបកាប់សម្លាប់ ពីបនប្រល័យពូជសាសន៍ ប៉ុល ពត។ ជាពិសេសការដាក់ចេញនូវ នយោបាយ ឈ្នះ ឈ្នះ ដែលធ្វើឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាព ពេញលេញ ដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ។

សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា «ប្រទេសមានសុខសន្តិភាព ប្រជាជនរស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្ដ អាចប្រកបមុខរបរចិញ្ចឹមជីវិត ដោយសុខសប្បាយ មិនមានភាពភ័យខ្លាចពីអសន្ដិសុខនោះឡើយ»។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាលប្រជុំរបស់គណបក្សឃុំចំបក់ ដែលមានទំហំ ១២ម៉ែត្រ X ២៥ម៉ែត្រ ផងដែរ ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner