អន្តរក្រសួងកំពុងរួមគ្នារៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតកំពុងពន្លឿនការរៀបចំយុទ្ធសាស្រ្តថ្មីរួមគ្នាសម្រាប់វិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជា។

កិច្ចប្រជុំរវាងអន្តរក្រសួង បានរៀបចំឡើងកាលថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ ក្រោមវត្តមានឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ , លោកស្រី Jyotsana Varma នាយកនៃស្ថានតំណាង ADB ប្រចាំក្នុងប្រទេសកម្ពុជា,ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ។

នាឱកាសនោះឯកឧត្តម ចាន់ ស៊ីណាត បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីដាក់ចេញនូវការអនុវត្តឱ្យកាន់តែសកម្មបំផុតលើបេសកកម្មការងារគ្រប់គ្រងទឹក ប្រើប្រាស់ទឹក បញ្ជាទឹក និងការងារព្យាករណ៍ឧតុនិយមឱ្យកាន់តែល្អច្បាស់លាស់ថែមទៀត។ កិច្ចប្រជុំរវាងអន្តរក្រសួង នឹងស្ថាប័នពាក់ព័ន្ធនាពេលនេះ ពិតជានឹងជួយជំរុញដល់ចក្ខុវិស័យដ៏យូរអង្វែងប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ មាននិរន្តរភាព និងសម្រេចបានលទ្ធផលក្នុងប្រសិទ្ធភាពខ្ពស់លើការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក បញ្ជាទឹក សំដៅបម្រើឱ្យគ្រប់វិស័យ និងធានាឱ្យខាងតែបានលើសន្តិសុខទឹកសម្រាប់ប្រទេសកម្ពុជាទាំងមូល។

ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងបន្តថា ជាលទ្ធផលនៃកិច្ចប្រជុំខាងលើនេះដែរ ដោយមានការគូសវាសគ្រោងប្លង់លម្អិតក្នុងយុទ្ធសាស្រ្តធ្វើការគ្រប់គ្រងទឹក បញ្ជាទឹក ប្រើប្រាស់ទឹក និងវិស័យឧតុនិយមពីក្រសួងធនធានទឹកពិសេសដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសេដ្ឋកិច្ច បានធ្វើឱ្យADB បានយល់ព្រមបោះទុនវិនិយោគដ៏ច្រើនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសម្រាប់ការធ្វើទំនើបកម្មវិស្វកម្មលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជា និងបានសម្រេចបោះទុនវិនិយោគលើវិស័យពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

តាមរយៈ ការយល់ព្រមបោះទុនវិនិយោគដ៏ច្រើន និងជំនួយឥតសំណងពីសំណាក់ ADB ខាងលើនេះ ឯកឧត្តម ចាន់ ស៊ីណាត បានចាត់ទុកដែរថា នេះគឺការសម្រេចជោគជ័យដ៏ធំ ដើម្បីធ្វើការកែលម្អនូវវិថីផែនការកាងារវិនិយោគរយៈពេលវែង ក្នុងការធ្វើទំនើបកម្មវិស្វកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម ដែលមានលក្ខណៈធនទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដីជាអតិបរមា និងការទប់ស្កាត់នឹងគ្រោះមហន្តរាយនានាដែលកើតឡើងដោយសារទឹក។

សូមរំឮកថា នៅក្នុងកិច្ចចរចារួមគ្នារវាងក្រសួងធនធានទឹក ជាមួយធនាគាអភិវឌ្ឍន៍អាស៊ីកាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ធនាគាអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា ខ្លួនបានត្រៀមកញ្ចប់ថវិកាថ្មីចំនួន ២០០ លានដុល្លាររួចរាល់ហើយ ដើម្បីចូលរួមវិនិយោគរយៈពេលវែងលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅទូទាំងប្រទេសកម្ពុជា។

ក្នុងនោះ ADB បានយល់ព្រមតាមសំណើរបស់ក្រសួងធនធានទឹកនិងឧតុនិយម ក្នុងដំណើរការកិច្ចអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ក្នុងនិយាមធ្វើទំនើបកម្មវិស្វកម្មតំបន់សេដ្ឋកិច្ចប៉ូលទី ៤ របស់ភូមិភាគពាយព្យនៃប្រទេសកម្ពុជា ដោយគិតចាប់ពីអនុតំបន់ ០៥ អនុតំបន់ទំនប់តាម៉ុក និងទំនប់ថ្មី ពីអនុតំបន់ទន្លេល្ពៅរបស់ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ ពីអនុតំបន់រវៀង អនុតំបន់សង្គមថ្មី អនុតំបន់ទំនប់បាដាកនៃខេត្តព្រះវិហារ ជាប់នឹងភ្នំដែករបស់ខេត្តកំពង់ធំ ដល់អនុតំបន់ ៣០ កញ្ញា អនុតំបន់អន្សាក្រង ផ្ទះឌុចរហូតដល់តំបន់បឹងជាដើម។

លើសពីនេះ ADB ក៏បានអះអាងថា នៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹក និងឧតុនិយម ត្រូវតែធានាឱ្យខាងតែបាននូវការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុលើគ្រប់ពេលទាំងអស់ មានភាពធន ច្បាស់លាស់ក្នុងការទប់ទល់នឹងបាតុភូតធម្មជាតិគ្រប់ប្រភេទ និងការឡើងកម្តៅជាអតិបមានៃភពផែនដី៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner