គ.ជ.ប បង្ហាញទឹកខ្មៅជ្រលក់ទិញពីប្រទេសឥណ្ឌា (Video Inside)

ទឹកខ្មៅជ្រលក់លើម្រាមចង្អុលដៃសម្រាប់ពេលបោះឆ្នោតសកល ត្រូវបានដាក់បង្ហាញ ក្នុងពិធីមួយរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី៦ កក្កដា ឆ្នាំ២០២៣នេះ។

ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានឲ្យដឹងថា កម្ពុជាបានទិញទឹកខ្មៅលុបមិនជ្រះ ពីប្រទេសឥណ្ឌាចំនួន៥ម៉ឺន ២ពាន់ដប ខណៈ១ដបមានតម្លៃ១៧ដុល្លារ ៦៣សេន។

លោក ប្រាជ្ញ ចន្ទ បានថ្លែងបញ្ជាក់ថា ទឹកខ្មៅសម្រាប់ជ្រលក់ដៃក្នុងការបោះឆ្នោតខាងមុខនេះ មានគុណភាពខ្ពស់បញ្ជាទិញពីប្រទេសឥណ្ឌា និងមានគុណភាពដូចការប្រើប្រាស់មុនៗ យ៉ាងដូច្នោះដែរ។

គ.ជ.ប បានចំណាយលើការទិញទឹកថ្នាំសរុប ៩១ម៉ឺន ៦ពាន់ ៧៦០ដុល្លារ និងចំណាយថវិកាលើថ្លៃដឹកជញ្ជូន និងធានារ៉ាប់រងតម្លៃ ៤ម៉ឺន ៦ពាន់ ៥៥០ដុល្លារដទៃទៀត។ ក្នុងការបង្ហាញគុណភាពទឹកខ្មៅជ្រលក់ដៃនោះ ក៏មានការសាកល្បងដោយមានការចូលរួមពីប្រទេសជាម្ចាស់ជំនួយ, តំណាងអង្គការជាតិ និងអន្តរជាតិ រួមទាំងតំណាងគណបក្សនយោបាយទាំង១៨ផងដែរ។

ទឹកខ្មៅជ្រលក់នេះ ត្រូវគេចាត់ទុកថាគឺជានីតិវិធី និងជាយន្តការមួយ ក្នុងចំណោមនីតិវិធីជាច្រើនទៀត របស់ គ.ជ.ប ដើម្បីធានាដល់ភាពត្រឹមត្រូវ នៃការបោះឆ្នោត ជាពិសេសធានាថា ប្រជាពលរដ្ឋខ្មែរមួយរូប នឹងបោះឆ្នោតថ្ងៃទី២៣កក្កដាខាងមុខនេះ បានតែមួយដងប៉ុណ្ណោះ៕

ads banner