គ.ជ.ប ទទួលបានបណ្តឹងចំនួន២ ក្នុងរយៈពេល៦ថ្ងៃ នៃការឃោសនា (Video Inside)

មន្ត្រីរៀបចំការបោះឆ្នោតបានថ្លែងនៅថ្ងៃនេះថា គេបានទទួលបណ្តឹងចំនួន២ ចាប់តាំងពីមានដំណើរការឃោសនាបោះឆ្នោតតាំងពីដើមខែកក្កដានេះមក។

មន្ត្រីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងក្នុងសន្និសីទកាសែតមួយ នៅថ្ងៃទី៦កក្កដានេះ បញ្ជាក់ជុំវិញការប្តឹងរបស់គណបក្សនយោបាយចំនួន២។

ក្នុងសប្តាហ៍នេះដែរ, ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានលើកឡើងនូវការរកឃើញ ឧបាយកលទុច្ចរិតមួយ ដែលមានមនុស្សបន្លំខ្លួនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកក្លែងបន្លំនោះ បានប្រាប់ពលរដ្ឋត្រូវគូសលើសន្លឹកឆ្នោតឱ្យច្រើនជាងមួយគណបក្ស។ យោងតាមនីតិវិធីការគូសសន្លឹកឆ្នោតលើសពីមួយគណបក្ស នឹងត្រូវគេចាត់ទុកថាជាសន្លឹកឆ្នោតមិនបានការ។

លោក ហង្ស ពុទ្ធា បានថ្លែងថាពាក់ព័ន្ធនឹងករណីនោះ, គជបនៅមិនទាន់បានទទួលពាក្យបណ្តឹងជាផ្លូវការឡើយ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីម្សិលមិញ បានថ្លែងថាគេបានបង្កើតក្រុម ដើម្បីតាមដានពួកជនទុច្ចរិតទាំងនេះ ដែលព្យាយាមចង់បំផ្លាញដំណើរការបោះឆ្នោតសកល តាមបែបលទ្ធិប្រជាធិបតេយ្យ។

ការឃោសនាបោះឆ្នោតមានរយៈពេល៦ថ្ងៃហើយគិតត្រឹមថ្ងៃទី៦កក្កដា។ មន្ត្រីនាំពាក្យគជប បានថ្លែងថាដំណើរការឃោសនាមានភាពរលូន, មានសណ្តាប់ធ្នាប់និងគ្មានអំពើហិង្សាឡើយ។ លោកបានបញ្ជាក់ជុំវិញដំណើរការឃោសនានៅថ្ងៃទី៦កក្កដានេះ។

យុទ្ធនាការឃោសនារយៈពេល ២១ថ្ងៃនឹងបញ្ចប់នៅថ្ងៃទី២១កក្កដា។ ថ្ងៃទី២២កក្កដា គឺជាថ្ងៃស, និងថ្ងៃទី២៣កក្កដា គឺជាថ្ងៃបោះឆ្នោតនៅទូទាំងប្រទេស។

ads banner