ក្រសួងមហាផ្ទៃព្រមានបិទក្រុមហ៊ុនដែលយកទុកនូវអត្តសញ្ញាណបណ្ណជាតិខ្មែររបស់អ្នកដាក់បញ្ចាំវត្ថុ (Video Inside)

ក្រសួងមហាផ្ទៃ បានព្រមានបិទចោលចំពោះក្រុមហ៊ុនទាំងឡាយណា ដែលយកទុកនូវអត្តសញ្ញាណបណ្ណជាតិខ្មែរ របស់អ្នកដាក់បញ្ចាំវត្ថុ ដែលទង្វើនោះបានផ្ទុយនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ការព្រមានបិទនេះ បានធ្វើឡើងច្រើនថ្ងៃនៅមុនពេលដែលកម្ពុជា ត្រៀមនឹងធ្វើការបោះឆ្នោតសកលទូទាំងប្រទេស ដែលអត្តសញ្ញាណបណ្ណ គឺជាឯកសារសំខាន់បំផុតដែលត្រូវបង្ហាញ។

សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ថ្ងៃទី៥កក្កដា បានសរសេរក្នុងចំណុចទី៤បញ្ជាក់ថា «ក្នុងករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធណា នៅតែបន្តយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិ នៃកម្ពុជា, រដ្ឋបាលរាជធានីខេត្តត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជា ដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋាគតិយុត្តិពាក់ព័ន្ធ, ឬរដ្ឋបាលរាជធានីខេត្តត្រូវចាត់វិធានការណ៍ដកហូតអាជ្ញាបណ្ណនោះ ស្របតាមបែបបទ និងនីតិវិធីដែលស្ថិតនៅក្នុងកម្មសិទ្ធិអំណាចរបស់ខ្លួ នក្នុងករណីដែលអាជ្ញាបណ្ណនោះ ត្រូវបានផ្តល់ឱ្យដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្តខ្លួន»។

អត្តសញ្ញាណបណ្ឌសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗ ដែលមានសញ្ជាតិខ្មែរ និងត្រូវបានផ្តល់ជួនប្រជាពលរដ្ឋខ្មែរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការស្នើសុំសេវានានាក៏ដូចជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរ។

សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ បានសរសេរថា «ការយកអត្តសញ្ញាណបណ្ណជាតិខ្មែរ ទុកជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី គឺជាឧបករណ៍ដែលធ្វើឱ្យប្រជាពលរដ្ឋរូបនោះ មិនអាចប្រើប្រាស់នូវសិទ្ធិស្នើសុំការផ្តល់សេវាផ្សេងៗ ស្របតាមច្បាប់ ដើម្បីទទួលអត្ថប្រយោជន៍ពីសេវាទាំងនោះ»។

ads banner