ធនាគារជាតិ៖ សេដ្ឋកិច្ចកម្ពុជាមានកំណើន៥,៥% (Video Inside)

ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះ នឹងមានកំណើន ៥,៥ភាគរយ ជាមួយនឹងកម្រិតអតិផរណាមានកម្រិតទាប។

របាយការណ៍ព្យាករណ៍ របស់ធនាគារជាតិនៃកម្ពុជា ដែលគេទទួលបាននៅថ្ងៃទី៦ ខែកក្កដា បានសរសេរថា «កំណើនសេដ្ឋកិច្ចជាតិត្រូវបានគេព្យាករក្នុងឆ្នាំ២០២៣ថា នឹងមាន៥,៥% ជាមួយនឹងកម្រិតអតិផរណាទាប ប្រមាណ២% ក្នុងនោះហានិភ័យសក្តានុពលចម្បងៗ មានប្រភពពីកត្តាខាងក្រៅ ដោយសារការបើកចំហរសេដ្ឋកិច្ច ក៏ដូចជាការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ»។

របាយការណ៍បានបញ្ជាក់នូវហានិភ័យខាងក្រៅ ដែលពាក់ព័ន្ធដូចជា «ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន, ការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុក នៃការនាំចេញ និងការវិនិយោគចូលមកកម្ពុជា, បញ្ហាដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំណើនវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅកម្ពុជា, ការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ និងដែលនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុន ក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ»។

របាយការណ៍ដដែលនៅបាន លើកជុំវិញហានិភ័យខាងក្នុងផងដែរ។ ហានិភ័យនៃសក្តានុពលខាងក្នុងនឹងអាចកើតមានដោយសារវិស័យអចលនទ្រព្យ ដែលស្ថានភាពនេះនឹងទាមទារឱ្យ មានការតាមដានយ៉ាងប្រុងប្រយ័ត្ន ជាពិសេសលើការផ្តល់ឥណទានទៅកាន់វិស័យអចលនទ្រព្យ ព្រមទាំងពង្រឹងកិច្ចសហការយ៉ាងជិតស្និត រវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យទៀត។

យោងតាមរបាយការណ៍ដដែល, ធនាគារជាតិនៃកម្ពុជា បាននិងកំពុងអនុវត្តវិធានការដាក់ចេញពីវិបត្តិដោយការពង្រឹងក្របខណ្ឌបទបញ្ញតិ្តឡើងវិញ ដើម្បីពង្រឹងភាពធនរបស់ប្រព័ន្ធធនាគារ ស្របពេលនឹងការជួយដល់វិស័យអាទិភាព ដូចជាសហគ្រាសធុនតូច និងមធ្យម, វិស័យកសិកម្ម អប់រំ ក្នុងដំណាក់កាល នៃងើបឡើងរបស់សេដ្ឋកិច្ច។

ads banner