សំណង់ប្រព្រឹត្តិកម្មទឹកកខ្វក់សម្រេចបាន៨០ភាគរយ (Video Inside)

មន្ទីរសាធារណការបានថ្លែងថា សំណង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក បានសាងសង់សម្រេចបាន៨០ភាគរយហើយនាពេលនេះ។

យោងតាមផែនការ សំណង់ស្ថានីយ៍នោះ នឹងបញ្ចប់ការសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក នឹងមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។

គម្រោងនេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការ Jica របស់ប្រទេសជប៉ុន។ គម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកនេះ នឹងមានការសាង់សង់ស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបូមទឹកបាន ៤៦៨ម៉ែត្រគូប ក្នុង១ម៉ោង ដោយមានបឹងបម្រុងទុកប្រមាណ១៩ហិកតា និងសំណង់ប្រព្រឹត្តកម្មសំណល់ភក់ ដែលកើតចេញពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកផងដែរ។

គម្រោងនេះ មានគោលបំណងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹក អនាម័យ និងបរិស្ថាន នៃតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ពិសេសតំបន់ជុំវិញបឹងជើងឯក។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ និងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម មីកាមិ ម៉ាសា ហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា៕

ads banner