ឯកឧត្តម សាយ សំអាល់៖ «កម្ពុជាមិនត្រូវការភាពជ្រុលនិយមពីក្រុមណាមួយ ដែលនាំឲ្យបាត់បង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ» (Video Inside)

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ លោក សាយ សំអាល់ បានថ្លែងនៅថ្ងៃទី៦កក្កដានេះថា កម្ពុជាមិនត្រូវការភាពជ្រុលនិយមពីក្រុមណាមួយ ដែលនាំឲ្យបាត់បង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។

ប្រសាសន៍របស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំចំនួន៤ គឺឃុំអូរឧកញ៉ាហេង, ឃុំព្រៃនប់, ឃុំទួលទទឹង និងឃុំអណ្តូងថ្ម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កម្ពុជាត្រៀមនឹងរៀបចំធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣កក្កដាខាងមុខនេះ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក បានព្យាយាមឃោសនាអូសទាញឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬត្រូវគូសបំផ្លាញ សន្លឹកឆ្នោតចោល។

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុបានប្រាប់ប្រជាពលរដ្ឋដែលចូលរួមថា «ការដែលបំផុសមិនឲ្យទៅចូលរួមបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត គឺឲ្យប្រជាពលរដ្ឋបោះបង់សិទ្ធិក្នុងការបញ្ចេញមតិ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ដែលខ្លួនស្រឡាញ់ពេញចិត្ត»។

លោក សាយ សំអាល់ បានអំពាវនាវប្រជាពលរដ្ឋត្រូវនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣កក្កដា និងបោះឆ្នោតជូនគណបក្សដែលពលរដ្ឋបានពេញចិត្តជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានធ្វើឱ្យប្រទេសសុខសាន្តក្រោមនយោបាយឈ្នះឈ្នះ និងបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន និងមានសុភមង្គល។

ads banner