អ្នកនាំពាក្យ គ.ជ.ប៖ ដំណើរការឃោសនាបោះឆ្នោតរយៈពេល១០ថ្ងៃ មានភាពល្អប្រសើរ គ្មានអំពើហិង្សា គ្មានការប៉ះទង្គិចរវាងគណបក្សនយោបាយដែលមាននិន្នាការខុសគ្នា
ភ្នំពេញ៖ ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី១-១០ ខែកក្កដា ឆ្នាំ២០២៣ គឺបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សាកើតឡើង មានសណ្តាប់ធ្នាប់ល្អ និងមិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ AMS នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍ថា អំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល ១០ថ្ងៃ ពីថ្ងៃទី១-១០ ខែកក្កដា មកនេះ មានភាពល្អប្រសើរគ្មានអំពើហិង្សា គ្មានការប៉ះទង្គិចរវាងគណបក្សនយោបាយដែលមាននិន្នាការខុសគ្នា។ ហើយក៏ជាការឃោសនាមួយមានភាពល្អ ដែលអាចចាត់ទុកបានថាជាការឃោសនាដែលមានសណ្តាប់ធ្នាប់ និងមានការរីករាយចូលរួមទាំងអ្នកគាំទ្រ ទាំងគណបក្សនយោនាយ ហើយនិងអាជ្ញាធរដែនដី ព្រមទាំងមន្ត្រី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។
ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ទាក់ទងការឃោសនាបោះឆ្នោតរយៈពេល១០ថ្ងៃមកនេះ គឺមានបណ្តឹងចំនួនពីរនៅខេត្តឧត្តរមានជ័យ ចំនួន១បណ្តឹង និងរាជធានីភ្នំពេញ ចំនួន១បណ្តឹង ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា។ បណ្តឹងនៅខេត្តឧត្តរមានជ័យ មានបុរសម្នាក់ឈ្មោះ កង សារ៉ាត់ ដែលបានបង្ហោះហ្វេសប៊ុកតិះទៀនដល់ក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃឃោសនា ហើយបានប្រើវោហាសាស្ត្រប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ នៃថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ តំណាងគណបក្សប្រជាជនកម្ពុជា បានប្តឹងទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។ បណ្តឹងនេះ បានបិទបញ្ចប់ការដោះស្រាយរួចហើយ ដោយខាងគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត បានធ្វើការសម្របសម្រួល ប៉ុន្តែសាម៉ីដើមបណ្តឹងមិនមានការយល់ស្របទេ។ ការដាក់បណ្តឹងតមកទៀត ក៏មិនឃើញបន្ត ជានីតិវិធី បានបញ្ចប់នៅបណ្តឹងនេះហើយ។ បណ្តឹងមួយករណីទៀត តំណាងគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ បានប្តឹងករណីជនមិនស្គាល់មុខម្នាក់បានយករូបសញ្ញារបស់គណបក្សប្រជាធិបតេយ្យទៅបិទលើរូបថតថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា។ បណ្តឹងនេះ មានការស៊ើបអង្កេតដើម្បីស្វែងរក ប៉ុន្តែមិនទាន់បានរកឃើញថា អ្នកណាជាអ្នកបិទនោះដែរ។ បណ្តឹងនេះ មិនមានបន្តមកដល់ គ.ជ.ប នោះទេ។ បណ្តឹងទាំងពីរ ត្រូវបានផុតរលត់រួចរាល់ហើយដែរ៕
ដោយ៖ពលជ័យ





