ប៉ូលិសឃាត់ខ្លួនមនុស្ស២នាក់ ដែលផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត

ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ AMS នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះថា ពិតជាមានការឃាត់ខ្លួនពិតប្រាកដមែន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ សមាជិកគណបក្សភ្លើងទៀន ដែលឃាត់ខ្លួនរួមមានទី១.ឈ្មោះ លី រី សមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២.ឈ្មោះ ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។

ប្រភពដដែលបានបញ្ជាក់ថា ការឃាត់ខ្លួននេះ ទាក់ទងការបង្ហោះសារសំឡេងផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត។ ការនាំខ្លួនមនុស្សទាំង២រូបនេះ ដោយមានការអនុញ្ញាតពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត ៖
ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។

ចំណែកឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសសាសន៍ប្រាប់ AMS ថា “ការចាប់ខ្លួននេះ យើងមានភស្តុតាង មានឯកសារគ្រប់គ្រាន់ ហើយយើងបានសុំទៅព្រះរាជអាជ្ញាដើម្បីសុំដីកាឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ”។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានសូមឲ្យប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់អ្នកនៅខាងក្រៅ៕
ដោយ៖ពលជ័យ

ads banner