សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី សូមទៅបោះឆ្នោតនៅទី២៣ ខែកក្កដា ឱ្យបានគ្រប់ៗគ្នា
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមនៅយប់ថ្ងៃទី១៦ ខែកក្កដានេះថា “ចាប់តាំងពីបើកយុទ្ធនាការឃោសនាបោះឆ្នោត គិតរហូតមកដល់ពេលនេះ មានរយៈពេល១៦ថ្ងៃហើយ ដែលគ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង បានធ្វើសកម្មភាពឃោសនាយ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពសប្បាយរីករាយ និងហាក់ដូចជាចាត់ទុកថា អំឡុងយុទ្ធនាការឃោសនានេះជាបុណ្យមួយដ៏សប្បាយរីករាយរបស់ពួកគាត់ដូច្នោះដែរ។”
សម្តេចតេជោ ហ៊ុន សែន បានបន្តថា “ស្របជាមួយនឹងព្រះរាជអំពាវនាវរបស់ព្រះមហាក្សត្រ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំក្នុងនាមនាយករដ្ឋមន្ត្រី សូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជី សូមអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា”៕