ក្រសួងការបរទេសប្រកាសលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១២
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និង សហប្រតិ បត្តិការអន្តរជាតិ បានឲ្យដឹងថា ឯកឧត្តម បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សា ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតបត្តិការមេគង្គ-គង្គាលើកទី១២ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន ឯកឧត្តម សាឡើមសៃ កុម៉ាសិត (Mr. Saleumxay Kommasith) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសឡាវ និងឯកឧត្តមបណ្ឌិត សុបប្រាម៉ានយ៉ាម ចៃសានកា (Dr. Subrahmanyam Jaishanka) រដ្ឋមន្រ្តីការបរទេសឥណ្ឌា។
កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតាមបណ្តាប្រទេសសមាជិកមេគង្គ។ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានស្វាគមន៍ជំនួយរបស់ឥណ្ឌា តាមរយៈការអនុវត្តគម្រោងឆាប់ទទួលបានផលរបស់ខ្លួន ព្រមទាំងបានកត់សម្គាល់ថា មានគម្រោង ៧៨ ហើយ ដែលត្រូវបានបញ្ចប់ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៥ ។
រដ្ឋមន្រ្តីទាំងអស់បានឯកភាពសម្រួលការអនុវត្តកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវយន្តការប្រទេសដឹកនាំវិស័យនីមួយៗនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាការបង្កើតឡើងនូវក្រុមប្រឹក្សាធុរកិច្ច នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលនឹងផ្តល់នូវការតម្រង់ទិសអន្តរកម្មនាពេលអនាគតលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការពង្រីកសកម្មភាពសេដ្ឋកិច្ចតំបន់នានា។
រដ្ឋមន្រ្តីទាំងអស់ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការស្តីពីការប្រើប្រាស់ និងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព និងបានស្វាគមន៍កិច្ចសហការជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការស្តីពីបញ្ហានានាពាក់ព័ន្ធនឹងទឹក។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងឥណ្ឌា និងបណ្តាប្រទេសមេគង្គ និងបានវាយតម្លៃខ្ពស់ពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះការពង្រីកការតភ្ជាប់ភាគខាងកើតឆ្ពោះមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ការសាងសង់នូវផ្លូវល្បឿនលឿននេះ ក៏ជាការតភ្ជាប់ផងដែរ ទៅនឹងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគោលនយោបាយឆ្ពោះមកទិសខាងកើតរបស់ឥណ្ឌា ដែលគោលនយោបាយទាំងពីរនេះ មានគោលបំណងធ្វើឱ្យកាន់តែប្រសើរនូវការតភ្ជាប់ក្នុងតំបន់។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានចង្អុលបង្ហាញទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា គួរតែផ្តោតសំខាន់លើបរិវត្តកម្ម ឌីជីថល បដិវត្តន៍បៃតង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១២ ភ្ជាប់ជាមួយនឹងឧបសម្ព័ន្ធចំនួនពីររួមមាន៖ ទស្សនាទានស្តីពី យន្តការប្រទេស ដឹកនាំវិស័យ និងក្រុមប្រឹក្សាធុរកិច្ច នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ៕
ដោយ ៖ សួង ពិសិដ្ឋ