នាយករដ្ឋមន្រ្តីប្រទេសហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ ហើយចូលរួមសង្កេតការណ៍ ការបោះឆ្នោតសកលនៅកម្ពុជា ខាងមុខនេះ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នូណូ ហ្វូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៣ ។

ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម នូណូ ហ្វូមេស ណាប៊ីអេ នឹងអញ្ជើញចូលជួប សម្ដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងចូលរួមកម្មវិធីអាហារពេល ល្ងាចការងារ ដែលរៀបចំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។

ជំនួបនេះនឹងផ្ដល់ឱកាសសម្រាប់ថ្នាក់ ដឹកនាំទាំងពីរ ធ្វើការពិភាក្សាលើប្រធានបទទ្វេភាគីមួយចំនួន រៀបចំផែនការសកម្មភាពនានា សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។

ជាមួយគ្នានេះ ឯកឧត្តម នូណូ ហ្គូមេស ប៊ីអេ ក៏នឹងជួបសន្ទនាផងដែរជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នូណូ ហ្វូមេស ណាប៊ីអេម នឹងឆ្លៀតឱកាសនេះផងដែរ ចូលរួមសង្កេតការណ៍ដោយផ្ទាល់ ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ស្តីពីការបោះឆ្នោត។

ដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់ ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម មកកាន់កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ នៅក្នុងទំនាក់ទំនងជាមិត្តរវាងប្រទេសទាំងពីរ ព្រម ទាំងនឹងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីជាផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner