កម្ពុជាកំពុងអនុវត្តគម្រោង រេដបូក ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុសកល

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបាននឹងកំពុងអនុវត្តគម្រោង រេដបូកយ៉ាងសកម្ម ដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍មនុស្សជាតិ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោង រេដបូក គឺជាការព្រមព្រាងគ្នារបស់ពិភពលោក ជាពិសេសបណ្តាប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបានពន្យល់យ៉ាងដូច្នេះថា ៖

«គម្រោងនេះ យើងនិយាយឱ្យស្រួលស្តាប់ គឺការចង់រក្សានូវគម្របព្រៃទូទាំងពិភពលោក ដើម្បីជាយន្តការមួយក្នុងការធ្វើឱ្យយឺតការវិវត្តន៍នៃការប្រែប្រួលអាកាសធាតុ ព្រោះការប្រែប្រួលអាកាសធាតុជាកត្តាមួយ គឺការបាត់បង់ព្រៃ តែកត្តាធំមួយទៀត គឺការប្រើប្រាស់ប្រេង ដូចជា ប្រេងសាំងនិង ធ្យូងថ្ម» 

ឯកឧត្តមបានបន្តថា ៖

«នេះគឺកត្តាធំមួយដែលនាំឱ្យកំដៅស៊ីតណ្ហភាពនៅលើពិភពលោកនេះកើនឡើង។ កាលណា ស៊ីតណ្ហភាពកើនឡើង មិនចាំបាច់ច្រើនទេ តែកន្លះដឺក្រេ គឺធ្វើឱ្យមានការប្រែប្រួលអាគាសធាតុនៅលើពិភពលោកដែរ។ យន្តការមួយហ្នឹងគឺយើងធ្វើយ៉ាងម៉េចរក្សាគម្របព្រៃឱ្យបាន ដោយប្រទេសខ្លះបង្វែរនូវការរកលុយសម្រាប់ប្រទេសរបស់គាត់ ទៅពឹងផ្អែកទៅលើអ្វីផ្សេងក្រៅពីការកាប់ឈើ។ សម្រាប់កម្ពុជា យើងចូលរួមអនុវត្តកម្មវិធីរេដបូកនេះ ដោយសារយើងមានកត្តា២-៣ ដែលបង្កលក្ខណៈដ៏ប្រសើរសម្រាប់កម្ពុជាចូលរួម»

ឯកឧត្តម សាយ សំអាល់ ក៏បានឱ្យដឹងដែរថា ទី១ គឺកត្តាសុខសន្តិភាពដែលមានរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ គឺបង្កឱ្យមានការវិវត្តន៍ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់មានកាលពីមុនមក ហើយបើប្រៀបធៀបទៅលើពិភពលោកគឺមានការខុសប្លែក ដែលមិនមានប្រទេសច្រើននោះទេ ដែលអាចរក្សាសុខសន្តិភាពទទួលបានកំណើនសេដ្ឋកិច្ចក្នុងរយៈពេល ២ទសវត្សន៍កន្លងមកនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា ៖

«អ៊ីចឹងទេ…កត្តាសុខសន្តិភាពនេះបង្កលក្ខណៈឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន ហើយការរីកច្រើនសេដ្ឋកិច្ចនេះបានធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជាបានរីកចម្រើនជាងមុន និងប្រសើរជាងមុន។ ជាមួយគ្នានេះដែរ ក៏ជាជម្រើសនៃការប្រកបរបររបស់ប្រជាជនកម្ពុជាមានច្រើនជាងមុន ដោយមិនបាច់ពឹងផ្អែកទៅលើការកាប់ឈើដើម្បីរកចំណូលនោះទេ ហើយមូលដ្ឋានគ្រឹះរបស់សេដ្ឋកិច្ចកម្ពុជាក៏មានការរីកចម្រើនច្រើន ហើយផ្តល់ឱកាសដល់ប្រជាជនកម្ពុជាច្រើនផងដែរ ជាមួយនឹងចំណូលក៏បានខ្ពស់ជាងមុនដែរ។ នេះគឺកត្តាមួយសំខាន់»។

ឯកឧត្តមបានថ្លែងបន្តថា កត្តាសំខាន់មួយទៀត គឺប្រជាជនកម្ពុជាខ្លួនឯងមិនចង់ឃើញការកាប់បំផ្លាញព្រៃឈើទៀតទេ។ នេះគឺការវិវត្តនៃសង្គម និងសេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាជនកម្ពុជាទាំងស្រុងតែម្តង។

ឯកឧត្តមបញ្ជាក់ថា ៖

«ខ្ញុំផ្សារភ្ជាប់ការវិវត្តនេះទៅកត្តាសុខសន្តិភាពនៅកម្ពុជា។ តែជាមួយគ្នានេះដែរ យើងអនុវត្តគម្រោងនេះ ដោយសារតែយើងអាចរកចំណូលបានពីការរក្សាព្រៃ។ ជម្រើសដែលយើងមានល្អបំផុតកាលពីមុនគឺយើងត្រូវកាប់ព្រៃដើម្បីរកចំណូល ប៉ុន្តែជម្រើសថ្មីតាមយៈគម្រោង រេដបូក នេះ គឺអាចរក្សាព្រៃឈើយើងបាន ហើយយើងរកចំណូលតាមហ្នឹងដែរ។ នេះគឺជាការប្រែក្លាយ និងរក្សាព្រៃឈើ ដើម្បីរកចំណូល ជាក់ស្តែងតាមរយៈដៃគូរបស់ក្រសួងបរិស្ថាន ប៉ុន្តែក៏យើងបានចែករំលែកផលប្រយោជន៍ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាសហគមន៍ ដើម្បីឱ្យគាត់ដឹងថា គាត់ទទួលបានផលប្រយោជន៍ជាក់ស្តែងពីការរក្សាព្រៃ»

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបន្តថា ៖

«ខ្ញុំលើកឧទាហរណ៍តូចមួយ ប្រជាជនរបស់យើងមិនដែលមានទឹកស្អាតទេសម្រាប់ប្រើប្រាស់ក្នុងភូមិ ប៉ុន្តែបន្ទាប់ពីការអនុវត្តគម្រោងនេះ គឺយើងបានចូលរួមជាមួយចលនាក្នុងការរៀបចំឱ្យមានទឹកស្អាតប្រើប្រាស់តាមភូមិដាច់ស្រយាល ហើយតាមភូមិខ្លះ យើងបានយកថវិកានេះ ដើម្បីរៀបចំឱ្យសាលារៀនឱ្យក្មេងៗនៅក្នុងសហគមន៍។ យើងក៏បានប្រើប្រាស់ថវិកាលើកស្ទួយជីវភាពសហគមន៍ដែរ ដូច្នេះប្រជាជនដែលរស់នៅក្នុងសហគមន៍ ហើយរក្សាព្រៃគឺបានប្រយោជន៍ពីការលក់កាបូននេះតែម្តង និងការអនុវត្តគម្រោងរេដបូក»

បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថានបានឲ្យថា គម្រោង រេដបូក នេះគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់ប្រជាជនកម្ពុជា ពោលគឺគម្រោងនេះត្រូវបានរៀបចំដោយពិភពលោក ហើយប្រទេសជាច្រើនបានចូលរួមក្នុងគម្រោងនេះតាមរយៈយន្តរបស់អង្គការសហប្រជាជាតិ ហើយគម្រោងនេះទៀតសោត ក៏ត្រូវចំពេលវេលារបស់កម្ពុជាផងដែរ ដែលបានធ្វើដំណើរមកចំពេលតែមួយ ដែលថាខ្លួនក៏មានជម្រើសច្រើន ហើយក៏អាចទទួលបានផលប្រយោជន៍ពីរក្សាព្រៃឈើ ។

សូមបញ្ជាក់ថា រេដបូក (REDD+: Reducing Emission from Deforestation and Forest Degradation) គឺក៏ជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។ រេដបូក មានគោលបំណង (១)ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង(២)ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុបានលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរដើម្បីទទួលបានថវិកាក្នុងទម្រង់ជាទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល Result-Based Payment)។

ចំពោះទីផ្សារកាបូនស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែមីនា ឆ្នាំ២០២១ កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារពីការលក់ឥណទានកាបូនក្នុងគម្រោងចំនួនពីរ (ដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង) ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney និង Shallជាដើម។

មុននឹងទិញឥណទានកាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត។ ការសម្រេចទិញឥណទានកាបូនពីកម្ពុជារបស់ក្រុមហ៊ុននានាគឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។

អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាមានសុទិដ្ឋិនិយមថាកម្ពុជានឹងអាចលក់ឥណទានកាបូនបានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ ថវិកាទាំងអស់នេះ បានយកទៅប្រើប្រាស់សម្រាប់ការពារព្រៃឈើ និងអភិវឌ្ឍជីវភាពសហគមន៍ក្នុងតំបន់ការពារទាំងពីរ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា «ការទូទាត់ផ្អែកតាមលទ្ធផល» ពីមូលនិធិអាកាសធាតុបៃតងនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដែលគ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០២០ ហើយរហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ខណៈដែលកម្ពុជាអាចផលិតឥណទានកាបូនបានប្រមាណ ១០លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខ័ណ្ឌការទូទាត់ផ្អែកតាមលទ្ធផលពីមូលនិធិអាកាសធាតុបៃតង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ