បរទេស៖ ការស្រាវជ្រាវជាសាកលរបស់ក្រុមហ៊ុនជំនាញទីផ្សារអចលនទ្រព្យ Knight Frank បានរកឃើញថាតម្លៃលំនៅឋាននៅទូទាំងពិភពលោកក្នុងឆ្នាំ 2021នេះបើទោះជាមានការគំរាមកំហែង និងជួបវិបត្តិនៃជំងឺកូវីដ-19យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់តម្លៃទីផ្សារលំនៅឋានជាសាកលនៅតែមានការកើនឡើងក្នុងរង្វង់ប្រមាណ 7.3ភាគរយ(គិតត្រឹមចុងខែមីនា ឆ្នាំ2021)។
យោងតាមរបាយការណ៍ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនជំនាញផ្នែកទីផ្សារអចលនទ្រព្យជាសាកល Knight Frank ដែលមានអាយុកាលជាង 125 ឆ្នាំរបស់ចក្រភពអង់គ្លេសកាលពីចុងសប្តាហ៍កន្លងទៅនេះបានបង្ហាញថាតម្លៃលំនៅឋានប្រភេទមិនផ្ទាល់ដី ឬ Non-Landed House នៅក្នុងប្រទេសសិង្ហបុរីនៅក្នុងត្រីមាសដំបូងឆ្នាំ2021 បានកើនឡើងប្រមាណជា 6.1 ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។
ប្រភពដដែលបានសរសេរទៀតថាសន្ទស្សន៍នេះបានធ្វើឲ្យប្រទេសសិង្ហបុរីស្ថិតនៅក្នុងចំណាត់លេខរៀងទី 27 នៃបណ្តាលប្រទេសដែលមានតម្លៃលំនៅឋានកើនឡើងខ្លាំងជាងគេបំផុតលើលើលោកទាំង 56 ដែលក្នុងនោះហុងកុងបានត្រឹមចំណាត់ថ្នាក់លេខ 46 ពោលគឺមានការកើនឡើងប្រមាណត្រឹមតែ 2.1 ភាគរយប៉ុណ្ណោះក្នុងត្រីមាសដំបូងនេះដូចគ្នា។
ដោយឡែកប្រទេសមហាអំណាចសេដ្ឋកិច្ចដែលឈរដែលមានតម្លៃលំនៅឋានកើនឡើងខ្លាំងទាំង 4 នោះវិញ មានដូចជាសហរដ្ឋអាមេរិកដែលរកបានកំណើនដល់ទៅ 13 ភាគរយ ប្រទេសស៊ុយអែតកើនឡើងក្នុងអត្រា 13 ភាគរយ ដូចគ្នាទៅនឹងប្រទេសអូស្ត្រាលីដែលឈរនៅលេខរៀងទី 3 មានអត្រាកើនឡើង 12 ភាគរយ និងប្រទេសកាណាដាឈរនៅលេខរៀងទី 4 មានកំណើន 11 ភាគរយ។
ទោះបីជាយ៉ាងណាក្តី តម្លៃលំនៅឋាននៅក្នុងប្រទេសតួកគីគឺត្រូវបានគេមើលឃើញថាជាប្រទេសដែលមានអត្រាកើនឡើងខ្លាំងជាងគេបំផុតលើលោកប្រមាណទៅដល់ 32 ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ និងរត់តាមពីក្រោយដោយប្រទេសញូវស៊ីឡែនដែលមានកំណើនប្រមាណ 22.1 ភាគរយ។
ទោះជាយ៉ាងក៏ដោយ ដោយសារបញ្ហាបិទការធ្វើដំណើររវាងប្រទេស និងប្រទេស ក៏ដូចជាទីក្រុងនៅតាមបណ្តាប្រទេសនានានៅលើសាកលលោក ព្រមទាំងបញ្ហាសេដ្ឋកិច្ចដែលបណ្តាលមកពីបញ្ហារីករាលដាលនៃកូវីដផងនោះ គេក៏អាចមើលឃើញថាប្រទេសមួយចំនួនធំមានការធ្លាក់ចុះនៃតម្លៃលំនៅឋានខ្លាំង ដែលក្នុងនោះរួមមានប្រទេសអ៊ីតាលី បានធ្លាក់ចុះដល់ទៅ 1.6 ភាគរយ ប្រទេសឥណ្ឌាធ្លាក់ចុះ 1.6 ភាគរយ ដូចគ្នាទៅនឹងប្រទេសអេស្បាញធ្លាក់ចុះ 1.8 ភាគរយ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.