បរទេស៖ ទីតាំងលក់រាយសរុបរបស់បណ្តាផ្សារទំនើបនៅក្នុងទីក្រុងហុងកុងត្រឹមខែមិថុនាកន្លងទៅនេះត្រូវបានគេមើលឃើញមានកំណើនឡើងវិញគួរឲ្យកត់សម្គាល់ បន្ទាប់ពីរក្សាបានស្ថិរភាពនៃសញ្ញាវិជ្ជមានរយៈពេល៤ខែជាប់គ្នានៅក្នុងស្ថានភាពកូវីដដែលកំពុងរាលដាល ខណៈដែលចំនួនភ្ញៀវទេសចរក៏នៅតែរក្សាភាពមានកំណត់នៅឡើយ។
យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ទំហំនៃការលក់រាយនៅតាមបណ្តាផ្សារទំនើបនៅក្នុងខែមិថុនានៃទីក្រុងហុងកុងបានសម្រេចសរុបរហូតទៅដល់ ២៨,១ ពាន់លានដុល្លារហុងកុង ឬប្រមាណជា ៣,៦១ពាន់ដុល្លារអាមេរិក ស្ថិតនៅក្នុងអត្រាកំណើនប្រមាណ ៥,៨ ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ ខណៈដែលកាលពីខែឧសភា នៅក្នុងទីក្រុងហុងកុងធ្វើបានសម្រេចក្នុងកំណើនដល់ទៅ ១០,៤ ភាគរយ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានថ្លែងថា នៅក្នុងនោះកម្មវិធីជំនួយដែលផ្តល់ជាបណ្ណប្រើប្រាស់ឥតគិតថ្លៃមួយចំនួនទៅដល់ប្រជាពលរដ្ឋគឺអាចបន្តជួយទៅដល់ក្រុមអ្នកប្រើប្រាស់ក្នុងស្រុកដើម្បីបន្តធ្វើការចំណាយលុយបន្ថែមទៀតនៅក្នុងវិស័យលក់រាយរបស់ផ្សារទំនើបក្នុងទីក្រុងទាំងមូល។ ជាក់ស្តែងយើងឃើញមានដូចជាបណ្ណសម្រាប់អគ្គិសនីដែលត្រូវបានផ្តល់ទៅឲ្យអាជីវករតាមស្តង់នានានៅក្នុងបណ្តាផ្សារទំនើបក្នុងទីក្រុងជាដើម។ កាលពីពេលកន្លងទៅនេះ គិតត្រឹមចុងត្រីមាសទី២ ការលក់រាយទៅលើទំនិញអនឡាញត្រូវបានគេមើលឃើញថាបានបន្តកំណើនឥតឈប់ឈរ និងកាន់តែច្រើនឡើងដោយកាលពីខែមិថុនានេះហុងកុងទទួលបានអត្រាកំណើនដល់ទៅ ៦៣,៨ ភាគរយធៀបទៅនឹងតម្លៃដែលធ្វើបានកាលពីពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ខណៈដែលខែឧសភាធ្វើបានក្នុងអត្រាកំណើន៥២,៩ ភាគរយ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.