ត្រឹមតែ1ខែ App ទិញបន្លែស្រស់តាមអនឡាញមួយរបស់ចិនទទួលបានប្រាក់វិនិយោគជាង 1,000លានដុល្លារ

ប៉េកាំង៖  យោងតាមការប្រកាសដោយធនាគារ Cygnus ដែលត្រូវបានគេស្គាល់ថាជាអ្នកតំណាង និងទីប្រឹក្សារបស់កម្មវិធីទិញបន្លែ​ស្រស់ៗ​តាមទូរស័ព្ទ​ដៃ​របស់​ចិន Dingdong Maicai បានអះអាងថាកម្មវិធីមួយនេះទើបតែទទួលបានប្រាក់វិនិយោគបន្ថែមប្រមាណ 330 លានដុល្លារទៀត ដែលធ្វើឲ្យទុនវិនិយោគ​សរុប​ឡើងដល់1,000លានដុល្លារ។

ទំរង់អាជីវកម្មបែបទិញទំនិញអនឡាញ ជាពិសេសអាជីវកម្មដឹកជញ្ជូន(Online Delivery)ត្រូវបានគេមើលឃើញថាមានសន្ទុះយ៉ាងខ្លាំង​នៅក្នុង​អំឡុងពេ​​ល​នៃ​ការទទួលបានតម្រូវការយ៉ាងធំធេងពីអតិថិជនរបស់ខ្លួនជាពលរដ្ឋចិនដែលមិនអាចចេញក្រៅផ្ទះបានដូចធម្មតានោះ។ ជាក់ស្តែងក្រុមហ៊ុនដឹកជញ្ជូនទំនិញ​អនឡាញ​ដ៏ល្បីឈ្មោះ Mertuan ក៏ទើបតែបានប្រកាសថាខ្លួនទទួលបានប្រាក់វិនិយោគប្រមាណជា 10 ពាន់លានដុល្លារផងដែរ។

ផលិតផលដូចជាបន្លែ ផ្លែឈើស្រស់ បានក្លាយទៅជាមុខទំនិញដ៏ពេញនិយមបំផុតក្នុងពេលបច្ចុប្បន្ននេះដោយក្នុងនោះសូម្បីតែ Alibaba​​ Group និង Pinduoduo ក៏កំពុងចាប់ផ្តើមចាយលុយជាច្រើនសម្រាប់បំពេញតាមចំណង់របស់ទីផ្សារដ៏ធំមួយនេះផងដែរ។

គួរឲ្យដឹងដែរថាធនាគារ Cygnus ជាធនាគារដ៏ល្បីមួយខាងផ្នែកវិនិយោគ ហើយវាត្រូវបានទទួលរ៉ាប់រងនូវកិច្ចការងារវិនិយោគគ្រប់ប្រភេទតំណាងឲ្យកម្មវិធី Dingdong Maicai នេះ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានព័ត៌មានលម្អិ​តណាមួយ​ដើម្បីបញ្ជាក់ថាមូលនិធិនេះនឹងត្រូវយកទៅប្រើប្រាស់​ដោយរបៀប​ណា​នោះទេ សូម្បីតែ Dingdong Maicai ក៏មិនទាន់បានធ្វើការឆ្លើយតបចំពោះរបាយការណ៍នេះនៅឡើយដែរ។ Dingdong Maicai ត្រូវបានបង្កើត​ឡើង​កាល​ពី​ឆ្នាំ2017 នៅក្នុងទីក្រុងសៀងហៃ ក្រោមការចូលរួមបង្កើតឡើងដោយក្រុមហ៊ុនចំនួន2 រួមមានក្រុមហ៊ុន Sequoia Capital China និង ក្រុមហ៊ុន Tiger Global Management ផងដែរ៕