fbpx

ត្រឹមតែ ១ ខែ ក្រុមហ៊ុនជប៉ុនជាង ៤០០ បានប្រកាសក្ស័យធន

បរទេស៖ ការស្រាវជ្រាវទៅលើឯកសារផ្លូវការដោយក្រុមហ៊ុនឥណទានមួយរបស់ប្រទេសជប៉ុនកាលពីថ្ងៃពុធម្សិលមិញនេះបានរកឃើញថា គិតត្រឹមតែក្នុងខែ​ឧសភាប៉ុណ្ណោះ ក្រុមហ៊ុនជប៉ុនមានរហូតដល់ទៅជាង ៤០០ បានប្រកាសក្ស័យធន និងបិទទ្វារ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-19 រលកទី ៤ នៅតែបន្តវាយប្រហារយ៉ាងខ្លាំងមកលើប្រទេសជប៉ុននៅឡើយ។

ក្រុមហ៊ុនស្រាវជ្រាវឥណទានដដែលក៏បានបង្ហាញដែរថា ផលប៉ះពាល់ដោយសារការប្រកាសបិទទ្វារប្រទេស បានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើអាជីវកម្មជាច្រើន ជាពិសេសនៅក្នុងវិស័យបម្រើសេវាកម្មដូចជាឧស្សាហកម្មអាហារ និងភេសជ្ជៈជាដើម។ ការប្រកាសបិទប្រទេសនេះ ជាលទ្ធផលបានធ្វើឲ្យទីក្រុងតូក្យូទាំងមូល រួមទាំងទីក្រុងធំៗចំនួន ៣ ផ្សេងទៀតដែលបានបិទទ្វារតាំងតែពីថ្ងៃទី២៥ ខែមេសាមកនោះ បានបន្តរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។

ដោយសារតែស្ថានភាពមិនទាន់ល្អប្រសើរឡើងវិញ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តក្នុងការបន្តដាក់ប្រកាសអាសន្ននេះទៅដល់ទីក្រុងសរុបចំនួន ១០ ទៀត រហូតដល់ថ្ងៃទី២០ ខែមិថុនាខាងមុខនេះ ដោយសង្កត់ធ្ងន់ទៅលើការប្រយុទ្ធប្រឆាំងទៅនឹងវីរុសបំប្លែងថ្មីដែលកំពុងចរាចរនៅក្នុងប្រទេស។

នៅក្នុងកម្រិតនៃការប្រកាសអាសន្ននេះផងដែរ រដ្ឋាភិបាលជប៉ុនបានតម្រូវឲ្យអ្នកផ្តល់សេវាកម្មទាំងអស់ក្នុងការបញ្ចប់ការផ្តល់សេវាកម្មភេសជ្ជៈដែលមានជាតិអាកុល និងបិទទ្វារហាងតាមតែឆាប់បំផុតជារៀងរាល់ថ្ងៃខណៈដែលពលរដ្ឋទាំងឡាយក៏តម្រូវឲ្យធ្វើការងារពីផ្ទះ និងហាមឃាត់មិនឲ្យចេញពីផ្ទះក្នុងករណីមិនចាំបាច់។

អ្នកជំនាញជាច្រើនបានមើលឃើញថា ខណៈដែលការប្រកាសអាសន្ននៅតែបន្តអនុវត្តនៅឡើយក្នុងប្រទេសនោះគេជឿថាអាចនឹងមានក្រុមហ៊ុនជាច្រើនទៀតនឹងត្រូវប្រកាសបិទទ្វារជាក់ជាមិនខាន ហើយស្ថានការអាចប្រែល្អប្រសើរឡើងវិញបានលុះត្រាណាដំណើរការចាក់វ៉ាក់សាំងអាចប្រព្រឹត្តទៅបានកាន់តែច្រើនឡើង៕

…….

AMS ECONOMY
@amseconomy