ព្រះសីហនុ ៖ ជាប៉ូលសេដ្ឋកិច្ចពិសេសប្រចាំប្រទេស និងជាសួនឧស្សាហកម្មអន្តរជាតិដែលប្រមូលផ្ដុំទៅដោយសហគ្រាសតូចធំ និងវិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុកនោះ ខេត្តព្រះសីហនុនៅតែបន្តកិច្ចអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ខ្លួនយ៉ាងឆាប់រហ័ស ខុសប្លែកពីខេត្តដទៃ បើទោះជាស្ថិតនៅក្នុងកាលៈទេសៈដែលរំខានដោយបញ្ហាកូវីដ-១៩ យ៉ាងណាក៏ដោយ។
ក្រៅពីការស្ដារ និងអភិវឌ្ឍន៍ផ្លូវនៅទូទាំងក្រុង៣៤ខ្សែ បន្ថែមផ្លូវស្របតាមឆ្នេរសមុទ្រ និងវិថីសំខាន់ៗមួយចំនួនទៀតក្នុងគោលដៅសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់វិស័យទេសចរណ៍ជាអាទិភាពផងនោះ បច្ចុប្បន្នសោភ័ណ្ឌភាពនៅក្រុងព្រះសីហនុទាំងមូលកំពុងបង្ហាញភាពអស្ចារ្យរបស់ខ្លួន និងត្រៀមស្វាគមន៍វត្តមានទេសចរជាតិ អន្តរជាតិ ព្រមទាំងបណ្តាអ្នកវិនិយោគផងដែរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញពីទស្សនៈ និងការយល់ឃើញចំពោះការអភិវឌ្ឍលើខេត្តព្រះសីហនុនេះថា ការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធពីសំនាក់រាជរដ្ឋាភិបាលកម្ពុជា គឺសម្រាប់ផ្គត់ផ្គង់ទៅដល់វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យហិរញ្ញវត្ថុ។ មានន័យថា ការជ្រើសរើសសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តមួយនេះ គឺជាជម្រើសមួយដ៏ល្អដែលអាចជួយទ្រទ្រង់ និងបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជាបានច្រើនផ្នែកក្នុងពេលតែមួយ។ ម្យ៉ាងវិញទៀត ការកសាងនេះក៏ជាការលូកដៃកាន់តែជ្រៅទៅជួយដល់វិស័យទេសចរណ៍នៃខេត្តចំនួន៣ទៀត គឺខេត្ត កែប កំពត និងកោះកុង ដោយហេតុថា ខេត្តព្រះសីហនុជាផ្លូវបំបែកទៅកាន់តំបន់ទេសចរណ៍នៃខេត្តទាំងនោះ។
លោកបណ្ឌិតបានមានប្រសាសន៍បន្តថា បើទោះជាវិបត្តិកូវីដនៅកម្ពុជាកំពុងអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃក្ដី ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងខេត្ត ជាពិសេសនៅក្នុងក្រុងនៃតំបន់ឆ្នេរនៅតែបន្តមានដំណើរការជាប្រក្រតី ហើយវត្តមាននៃការសាងសង់នេះក៏បានចូលរួមចំណែកធ្វើឲ្យចំណូលនៅក្នុងតំបន់ព្រះសីហនុនេះកើនឡើងដែរ។
លោកបណ្ឌិតបញ្ជាក់ថា ៖
«រំហូរនៃចំណូល គឺធ្វើឡើងដោយផ្ទាល់ និងដោយប្រយោល។ ចំណូលដោយផ្ទាល់គឺបានមកពីថវិការរបស់ក្រុមហ៊ុនដែលចំណាយទៅលើឈ្នូលសាងសង់ ដែលថវិកាទាំងនេះគឺបានទៅដល់ប្រជាពលរដ្ឋខ្មែរដែលជាកម្មករ ឬជាក្រុមហ៊ុនទទួលម៉ៅការសំណង់។ រីឯចំណូលដោយប្រយោលគឺបានមកតាមរយៈកម្មករ និងក្រុមហ៊ុនម៉ៅការសំណង់ចាយវាយកញ្ចប់ថវិការនេះបន្តនៅក្នុងខេត្តនេះតែម្ដង ហើយលុយនេះបានវិលចូលទៅសហគមន៍របស់ខេត្តព្រះសីហនុវិញដដែល»
យ៉ាងណាក៏ដោយ ជាមួយនឹងសកម្មភាពនៃការសាងសង់ក៏ដូចជាជួសជុលកែលម្អនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្អនៅទូទាំងក្រុងនេះត្រូវបានអ្នកជំនាញរំពឹងថានឹងក្លាយទៅជាកម្លាំងចលករបន្ថែមជួយជំរុញកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ មានន័យថា ៤ ទៅ៥ ឆ្នាំក្រោយពីការសាងសង់រួចរាល់ វិបត្តិកូវីដក៏បានស្រាកស្រាន្ដ នោះកំណើនសេដ្ឋកិច្ចក៏វាមានសន្ទុះឡើងលឿន ស្របពេលដែលផ្លូវថ្នល់នានាត្រូវបានបញ្ចប់គម្រោងសាងសង់ជាស្ថាពរ សម្រាប់សម្រួលដល់ការធ្វើដំណើរ ការចរាចរណ៍ទំនិញ កាត់បន្ថយថ្លៃដើម ហើយអ្វីដែលសំខាន់គឺអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរផងដែរ។ គួរបញ្ជាក់ថា ការកសាងផ្លូវ ៣៤ ខ្សែនៅខេត្តព្រះសីហនុមកទល់ពេលនេះ បានបញ្ចប់ការសាងសង់រួចរាល់ទៅលើមួយផ្នែកធំហើយ ពោលគឺនៅសល់តែការកែលម្អសោភ័ណ្ឌភាពក្រុងនៅទីកន្លែងសំខាន់ៗមួយចំនួនទៀតតែប៉ុណ្ណោះ ដូចជាការស្ថាបនាផ្លូវអាទិភាពចំនួនបីខ្សែផ្សេងទៀត ការជួសជុលពង្រីកស្ពានថ្មីចំនួន៨ទីតាំង ការរៀបចំកែលម្អឆ្នេរសមុទ្រ ការរុះរើសំណង់គ្មានសណ្តាប់ធ្នាប់គ្រប់ប្រភេទតាមបណ្ដោយឆ្នេរសមុទ្រ ការស្ដារប្រឡាយ និងកិច្ចការសម្របសម្រួលជាមួយប្រជាពលរដ្ឋក្នុងការពង្រីកផ្លូវជាដើម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជានៅថ្ងៃដើមសប្ដាហ៍នេះ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/04/2024
អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។