ភ្នំពេញ ៖ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ត្រូវបានរាជរដ្ឋាភិបាលអនុម័ត ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ សម្រាប់ឆ្នាំ២០២១-២០៣៥ តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៤២៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខណៈសម្តេចតេជោហ៊ុន សែន បានផ្តល់ហត្ថលេខាលើអារម្ភកថា នៃផែនការមេនេះផងដែរ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញលេញ ដល់ការអនុវត្តផែនការមេដ៏មានសារៈសំខាន់នេះ។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣៥) នេះ ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិអន្តរជាតិ ជាប្រធានក្រុមការងារបច្ចេក និងឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ អភិវឌ្ឍទេសចរណ៍ ជាប្រធានលេខាធិការដ្ឋាន។
បើទោះបីប្រឈមនឹងវិបត្តិកូវីដ-១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំការងារនេះជាប្រចាំ និងម៉ត់ចត់ និងបានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗជាច្រើន។ ផែនការមេនេះ បានចាប់ផ្តើមដំណើរការរៀបចំនៅកំឡុងខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួម និងពិគ្រោះយោបល់យ៉ាងទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងក្របខណ្ឌអន្តរក្រសួង។
ផែនការមេនេះក៏ត្រូវបានការគាំទ្រ និងជំរុញយ៉ាងសកម្ម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតទទួលបានការអនុម័តពីរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថាការអភិវឌ្ឍវិស័យទេសចរណ៍ ដែលពោរពេញទៅដោយសក្តានុពលសម្រាប់ការអភិវឌ្ឍនាពេលអនាគត បង្កើត បានជាកាលានុវត្តភាពសត្យានុម័តសម្បូរបែបសម្រាប់ការវិនិយោគនិងបង្កើតតម្លៃបន្ថែមក្នុងវិស័យទេសចរណ៍ និងអន្តរវិស័យនានាគាំទ្រដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្តមណ្ឌលគិរី ក៍ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
ជាមួយសក្តានុពលទាំងអស់នេះ និងក្រោមការគិតគូរវែងឆ្ងាយ ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលរៀបចំនិងដាក់ចេញ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដើម្បីជាត្រីវិស័យ ចង្អុលបង្ហាញយន្តការនិងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល(២០២១-២០៣៥) និងបណ្តាឆ្នាំខាងមុខ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលតម្រង់ទិសការអភិវឌ្ឍក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់ខេត្តមណ្ឌលគិរី ដោយឈរលើស្ថានភាពជាក់ស្តែង និងប្រភពធនធានសក្តានុពលសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍វិស័យ ទេសចរណ៍និងអន្តរវិស័យគាំទ្រ ក្នុងក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវនៃវិស័យនេះ នឹងបង្កើតបានជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន និងរួមចំណែកដល់ការថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងរក្សាបាននូវអត្តសញ្ញាណ ដើមរបស់ខេត្ត។ រាជរដ្ឋាភិបាល ក៏បានអំពាវនាវ និងស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធផ្ដល់អាទិភាពខ្ពស់ដល់ ការអនុវត្តជាក់ស្ដែងផែនការមេនេះ ទាំងលើទិដ្ឋភាពបច្ចេកទេស និងហិរញ្ញវត្ថុ ពិសេសការកៀរគរធនធាន ហិរញ្ញវត្ថុចាំបាច់ ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងដំណើរការនៃការអនុវត្តផែនការមេ៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត
ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍
• 23/04/2024
ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។
Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/04/2024
Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។