បាត់ដំបង ៖ ម្ជូរព្រឹក ឬម្ជូរល្មម ជាដំណាំមួយប្រភេទដែលមានដើមកំណើតមកពីតំបន់អាហ្វ្រិក ហើយមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពដែលបច្ចុប្បន្នកំពុងមានទីផ្សារល្អ និងជាគោលដៅរបស់កសិករក្នុងការពង្រីកផ្ទៃដីដាំដុះជាបន្តបន្ទាប់។
ដើមល្អិតៗ មានផ្កាក្រហមល្អឆើត រួមជាមួយរសជាតិជូរស្រស់ ផ្កាម្ជូរព្រឹក ត្រូវបានគេហាលឱ្យក្រៀម និងយកទៅឆុងធ្វើជាតែដែលមានរសជាតិជូរផ្អែម ស្រស់មាត់ ជាពិសេសផ្ដល់គុណប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ ដែលធ្វើឱ្យដំណាំនេះក្លាយជាទីពេញនិយម មានទីផ្សារល្អ និងផ្ដល់ឱកាសល្អក្នុងការពង្រីកផ្ទៃដីដាំដុះដើម្បីបំពេញនូវតម្រូវការក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅបរទេស។
អ្នកនាង ដេត ស៊ីណាត ជាម្ចាស់ចំការម្ជូរព្រឹកមួយកន្លែងស្ថិតនៅភូមិកំពុងចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់ AMS ថា ៖
«ដំណាំម្ជូរព្រឹកនេះមានអត្ថប្រយោជន៍ច្រើន ហើយបើមើលតាមតម្រូវការ និងតាមការសិក្សាទីផ្សារកន្លងមក យើងមានគម្រោងពង្រីកការដាំដុះនេះឱ្យបានជាង ៤០ ទៅ៥០ ហិចតាក្នុងឆ្នាំនេះ ដែលនឹងអាចផ្ដល់ផលដល់ ៣០តោនក្នុងមួយរដូវ តែឥឡូវទើបតែបានជាង ២០ហិចតាប៉ុណ្ណោះ»
បច្ចុប្បន្ន ចំការម្ជូរព្រឹករបស់អ្នកនាងមានទំហំប្រមាណ ២០ហិចតា ដែលកំពុងដាំដំណាំម្ជូរព្រឹកពូជម៉ាឡេស៊ី និងអាចផ្ដល់ផលប្រមាណ ៥តោនក្នុងមួយរដូវ។ អ្នកនាងបន្តថា ម្ជូរព្រឹកមានអត្ថប្រយោជន៍ច្រើន សម្បូរវីតាមីនស៊ី ជួយឱ្យស្បែកស្អាត កាត់បន្ថយខ្លាញ់ក្នុងសរសៃឈាម សម្រួលដល់ការបន្ទោរបង់ ហើយនៅបរទេសគេអាចកែច្នៃបានផលិតផលដល់ទៅជាង ២០ប្រភេទ ប៉ុន្តែសម្រាប់ស្រុកខ្មែរគេនិយមធ្វើតែភេសជ្ជៈប៉ុណ្ណោះ។
អ្នកនាងប្រាប់ទៀតថា ដំណាំនេះជាប្រភេទដំណាំឱ្យផលដោយផ្កា បន្ទាប់ពីការកាត់ផ្កាប្រមូលផលហើយ គេត្រូវហាលឱ្យក្រៀមដែលប្រើពេលប្រមាណ ១០ថ្ងៃទើបអាចទៅលក់បាន ដោយទទួលបានតម្លៃ ៤ម៉ឺនរៀលក្នុង១គីឡូក្រាម (តម្លៃលក់រាយ) និងតម្លៃទាបជាងនេះសម្រាប់ការលក់បោះដុំ ដែលមួយខែគាត់អាចលក់រាយដោយខ្លួនឯងបានពី ៥០០គីឡូក្រាមឡើងទៅ និងបោះដុំផ្សេងៗទៀតផងដែរ។
ចំពោះអតិថិជនវិញ ភាគច្រើនគេនិយមទិញយកទៅធ្វើជាភេសជ្ជៈ សម្រាប់លក់ក្នុងហាងកាហ្វេផ្សេងៗនៅក្នុងតំបន់ នៅតាមបណ្ដាលខេត្តនានា ពិសេសខេត្តនៅតំបន់ទេសចរណ៍ដូចជាខេត្តសៀមរាបជាដើម ដែលធ្វើការកម្ម៉ង់ទិញច្រើនៗសម្រាប់ចែកចាយបន្តតែម្ដង។
ដោយឡែកពាក់ព័ន្ធនឹងថវិកាដាំដុះ អ្នកនាង ស៊ីណាត បានប្រាប់ឲ្យដឹងថា ដំណាំម្ជូរព្រឹកត្រូវការរយៈពេលដាំប្រមាណ ៦ខែ ដែលជាធម្មតាគេចាប់ផ្ដើមដាំនៅខែធ្លាក់ភ្លៀងគឺនៅខែមិថុនា និងធ្វើការប្រមូលផលនៅខែធ្នូ។ ដំណាំឱ្យផលតាមរយៈផ្កាប្រភេទនេះ ពុំត្រូវការថែទាំអ្វីច្រើនទេក្រៅពីការដកស្មៅ ស្រោចទឹក និងថែកុំឱ្យសត្វចៃបំផ្លាញផ្កានៅពេលជិតប្រមូលផល។
លុះដល់ពេលផ្កាទុំ គេត្រូវសម្រុកប្រមូលឱ្យបានលឿនបំផុតក្នុងចន្លោះពេលប្រមាណ ១៥ថ្ងៃ ដោយគេត្រូវឆ្កៀលយកផ្កាម្ដងមួយៗ ឱ្យអស់ពីដើម។ ការណ៍នេះហើយ ដែលបានផ្ដល់ការងារឱ្យប្រជាជនក្នុងតំបន់នារដូវប្រមូលផល ដោយប្ដូរជាមួយកម្លាំងពលកម្មក្នុងការបេះម្ជូរព្រឹកនេះអាចទទួលបានកម្រៃ ៦០០រៀលក្នុង១គីឡូក្រាម។
អ្នកនាងបន្តថា ចំពោះបច្ចេកទេសដាំ គាត់ជ្រើសរើសយកការដាំវិលជុំ ហើយភ្ជួរដីដាំអ្វីផ្សេងទៀត ឬហៅថាការដាំដំណាំវិលជុំ ដែលអាចប្រើដីឱ្យអស់លទ្ធភាព និងជាវិធីមួយអាចជួយរក្សាជីជាតិក្នុងដីអាចដាំដំណាំបានល្អ។ ជាក់ស្ដែង សម្រាប់ចំការខាងលើផ្ទាល់ បន្ទាប់ពីប្រមូលផលម្ជូរព្រឹកអស់ គេភ្ជូរដើមចាស់ចោល និងដាំពោត ឬសណ្ដែកវិញម្ដង លុះដល់ខែភ្លៀងវិញទើបគេចាប់ផ្ដើមដាំម្ជូរព្រឹកឡើងវិញ។ នេះបើតាមម្ចាស់ចំការខាងលើបានបញ្ជាក់ប្រាប់។
ទន្ទឹមនឹងការឱ្យផល ការដាំម្ជូរព្រឹកក៏ជួបនូវបញ្ហាមួយចំនួនផងដែរ ពោលគឺមានការខូចខាតនៅពេលមានទឹកភ្លៀងជន់លិចដើមម្ជូរព្រឹកអាចងាប់ ហើយត្រូវការដាំជួសសារជាថ្មី ខុសរដូវគឺទាមទារឱ្យមានការថែទាំ ស្រោចទឹក និងមើលថែឱ្យបានដិតដល់ ហើយទិន្នផលក៏ផ្ដល់បានតិចជាងធម្មតាផងដែរ។ អ្នកនាងបានចាប់ធ្វើការសិក្សា និងដាំដំណាំម្ជូរព្រឹកនេះតាំងពីឆ្នាំ២០១៣ ដោយប្រើដើមទុនតិចតូចទៅលើការទិញគ្រាប់ពូជ និងការទិញគ្រឿងចក្រសម្រាប់ការងារកសិកម្មផ្សេងទៀតប្រមាណ ៣ទៅ៤ម៉ឺនដុល្លារប៉ុណ្ណោះ។
ទាក់ទងទៅនឹងមូលហេតុដែលនាំឱ្យអ្នកនាងសម្រចចិត្តជ្រើសរើសដំណាំនេះមកដាំ គឺដោយសារអ្នកនាងជាអតីតនិស្សិតវិស្វករគីមីចំណីអាហារម្នាក់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គួបផ្សំនឹងគំនិតចង់ដាំ និងច្នៃដំណាំដែលមានប្រយោជន៍ចំពោះអ្នកបរិភោគ ជាពិសេសគឺបង្កើតនូវផលិតផលក្នុងស្រុកដែលមានគុណភាព កាត់បន្ថយការនាំចូល និងផ្ដល់ការងារជូនប្រជាជនទៀតផង។
គួរបញ្ជាក់ដែរថា សម្រាប់ថ្ងៃអនាគត អ្នកនាងក៏ចង់ពង្រីកការដាំដុះដំណាំ ទាំងប្រភេទម្ជូរព្រឹក ផ្កាឈូករ័ត្ន ក៏ដូចជាដំណាំផ្សេងៗទៀត ពោលគឺដើម្បីបំពេញតម្រូវការក្នុងស្រុកឲ្យមានស្ថិរភាពទីផ្សារ ហើយអ្នកនាងចង់ឈានទៅដល់បង្កើតជាសមាគមសម្រាប់បងប្អូនប្រជាជនកម្ពុជាដោយផ្ដល់ការងារធ្វើក្នុងស្រុក មិនបាច់ធ្វើចំណាកស្រុកទៅឆ្ងាយពីគ្រួសារឡើយ។ ម៉្យាងវិញទៀត អ្នកនាងក៏កំពុងសាកល្បងបច្ចេកទេសផ្សេងៗដូចជាការប្រើប្រាស់ផេះ ការប្រើម៉ាស៊ីនសម្អាតស្មៅជាដើម ក្នុងបំណងចង់សាកល្បង និងផ្សព្វផ្សាយចំណេះដឹងកសិកម្មល្អៗឱ្យបងប្អូនកសិករបានយល់ដឹង ដោយកាត់បន្ថយការប្រើប្រាស់ជីគីមីធ្វើឱ្យខូចគុណភាពដី ហើយងាកមកដាំដំណាំដោយប្រើបច្ចេកទេសធម្មជាតិ មានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។
ចុងក្រោយអ្នកនាង ស៊ីណាត ក៏សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែនិយមគាំទ្រទិន្នផល និងផលិតផលក្នុងស្រុកកន្លងមក ហើយសូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ឱ្យងាកមកចាប់អារម្មណ៍ និងគាំទ្រផលិតផលក្នុងស្រុកដែលមានគុណភាព ដែលអាចជួយឱ្យប្រជាពលរដ្ឋក្នុងតំបន់ទទួលបានការងារធ្វើ និងលើកកម្ពស់ជីវភាពឲ្យបានកាន់តែប្រសើរ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បទពិសោធជាង៥០ឆ្នាំខាងគ្រឿងសំអាង Martha Tilaar Group មើលឃើញពីការចែករំលែកទៅសង្គមជាកិច្ចការងារសំខាន់
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2024
ក្រុមហ៊ុនគ្រឿងសម្អាង The Martha Tillaar Group តែងតែចែករំលែកផលចំណេញរបស់ខ្លួនទៅកាន់សង្គមវិញ ជាពិសេសសម្រាប់មនុស្សស្រី និងសហគមន៍ដែលជាអ្នករកប្រាក់ចំណូល