កសិករជំនាញ ផលិតជីធម្មជាតិសម្រាប់ដាំដំណាំ និងសារធាតុបំប៉នការចិញ្ចឹមសត្វឲ្យឆាប់ធំធាត់

មិនថាចំពោះការដាំដំណាំ ឬចិញ្ចឹមសត្វនោះទេ ពិតជាមិនអាចខ្វះបាននូវការថែទាំយ៉ាងយកចិត្តទុកដាក់ ពិសេសគឺការបន្ថែមនូវសារធាតុបំប៉ន ឬជីធម្មជាតិដើម្បីជាជំនួយពន្លឿនដល់ការចិញ្ចឹមសត្វ ឬការដាំដំណាំ ហើយអាចកែប្រែស្ថានភាពដីបានល្អ និងមិនប៉ះពាល់ដល់សុខភាពប្រជាកសិករដែលជាអ្នកប្រើប្រាស់ផ្ទាល់ ក៏ដូចជាអ្នកទទួលទានផងដែរ។

លោក ប៊ុន ចាន់តូនី ជាម្ចាស់សហគ្រាសផលិតជីធម្មជាតិ តូនី អេសអឹម ស្ថិតនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា ការប្រើជីធម្មជាតិទៅលើការដាំដុះ គឺមានប្រសិទ្ធភាពខ្ពស់ ដែលអាចជួយបង្កើនទិន្នផលដំណាំ កែប្រែស្ថានភាពដីបានល្អ បន្សាបជាតិពុលក្នុងដី ហើយផលដំណាំក៏អាចលក់បានក្នុងតម្លៃថ្លៃនៅលើទីផ្សារផងដែរ។

លោកបន្តថា ជីធម្មជាតិនេះមិនត្រឹមតែផ្ដល់ផលល្អដល់ដំណាំនោះទេ ប៉ុន្តែថែមទាំងអាចធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ដែលជាកសិករដាំដុះដោយសារវាផ្សំឡើងពីផ្លែឈើចម្រុះ មិនធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងមិនធ្វើឱ្យខូចដី។ បន្ថែមលើនេះ គេអាចយកទៅប្រើប្រាស់បានគ្រប់ប្រភេទដំណាំតូចធំ ដូចជា ស្វាយ ក្រូច ស្រកានាគ ត្របែក និងពុទ្រាជាដើម ដែលអាចធ្វើឱ្យដំណាំមានផ្កាច្រើន ផ្លែធំៗល្អ។

ទាក់ទងនឹងវត្ថុធាតុដើមក្នុងការផលិតជីនេះ លោក ប៊ុន តូនី បានបញ្ជាក់ថា ដំបូងត្រូវធ្វើមេជីផ្សំពីផ្លែឈើទុំ ដូចជា ម្នាស់ ចេក ល្ហុង ល្ពៅ ល្ង ជាដើម ផ្សំជាមួយស្ករផ្អាប់ទុកប្រមាណ៣ខែ។ ក្រៅពីនេះ គេអាចលាយជាមួយនឹងផ្លែឈើទុំផ្សេងទៀត ក៏ដូចជាសារធាតុបំប៉នដទៃទៀតទៅតាមប្រភេទជី។ បច្ចុប្បន្ននេះ ជីទឹកធម្មជាតិរបស់លោក តូនី ដែលបានផលិតឡើងមាន ៥ប្រភេទ ដែលអាចប្រើសម្រាប់ការដាំដំណាំ ក៏ដូចជាជី ឬសារធាតុបំប៉នសម្រាប់លាយជាមួយទឹកដើម្បីចិញ្ចឹមសត្វ ដូចជា ត្រី មាន់ ទា ជាដើម ហើយក៏អាចយកទៅលាយជាមួយទឹកសម្រាប់ថ្នាំបាញ់ការពារជំងឺរុក្ខជាតិ បណ្ដេញសត្វល្អិត និងអាចប្រើជាថ្នាំបំប៉នពិសេសដែលសុទ្ធសឹងតែមានប្រសិទ្ធភាពផ្សេងៗគ្នា។

លោកបញ្ជាក់ថា ៖

«ចំពោះជីសម្រាប់ចិញ្ចឹមត្រី ជាប្រភេទជីទឹកដែលផ្ទុកវីតាមីន និងសារធាតុរ៉ែសម្រាប់ត្រី ដែលអាចបង្កើនកម្រិត PH របស់ទឹកដល់ទៅ៧ដង ឬហៅថា ណឺត ធ្វើឱ្យទឹកសម្បូរអុកស៊ីសែន ត្រីមិនងាយងាប់។ ចំណែកឯតម្លៃគឺ ៥លីត្រ ៣ម៉ឺនរៀល ដែលក្នុងមួយលីត្រ អាចលាយជាមួយទឹកប្រមាណ ១០ ទៅ១២ម៉ែត្រគូប។ ចំណែកថ្នាំបំប៉នសម្រាប់ចិញ្ចឹមសត្វមាន់ ដែលយើងអាចលាយជាមួយទឹក ឬចំណីមាន់ វាអាចជួយឱ្យមាន់ឆាប់ធំ មានសុខភាពល្អ គ្មានមេរោគ មិនរាគរុស មិនសូវមានក្លិនជាដើម។ សម្រាប់មាន់ដែលឈឺគេអាចប្រើវាបាញ់ចូលខ្លួនមាន់ផ្ទាល់ក្នុងចំណុះ ៣-៥ មីលីលីត្រក៏មានប្រសិទ្ធភាពជួយឱ្យមាន់បានធូរណាស់ដែរ»

អ្នកជំនាញផលិតជីធម្មជាតិរូបនេះបានបញ្ជាក់ទៀតថា ៖

«ទាក់ទាងនឹងជីសម្រាប់ដំណាំវិញ គេមានចែកជា ៣ប្រភេទទៀតគឺ ថ្នាំការពារជំងឺ ដូចជា ជំងឺផ្សិត ការពាររលួយ។ ប្រភេទទី២ គឺសម្រាប់បណ្ដេញសត្វល្អិត ដែលអាចដេញសត្វល្អិតមិនឱ្យមកចោះ ឬពងដាក់កសិផល។ ចុងក្រោយ គឺជីបំប៉នពិសេសប្រកបដោយសារធាតុចិញ្ចឹមច្រើន ដែលអាចធ្វើឱ្យដំណាំ ពិសេសប្រភេទបន្លែ មានសារធាតុរ៉ែខ្ពស់ ដើមរឹងមាំ ស្លឹកលូតលាស់ បែកគុម្ពល្អ ហើយបើយើងបាញ់លើស្រូវ នឹងធ្វើឱ្យស្រូវមានគ្រាប់ល្អ សំបកស្ដើង និងទទួលបានទិន្នផលខ្ពស់។ សម្រាប់តម្លៃគឺខ្ពស់ជាងគេបន្តិចដោយក្នុង ១​លីត្រមានតម្លៃ ១ម៉ឺនរៀល»​

លោកបន្ថែមថា ចំពោះជីសម្រាប់ដំណាំទាំង៣ប្រភេទនេះ ប្រសិនបើប្រើជាមួយគ្នាកាន់តែល្អដោយសារមានមុខងារផ្សេងៗគ្នា ពោលគឺអាចថែទាំដំណាំបានគ្រប់លក្ខណៈ។ គេអាចលាយជី ១មុខ ១ លីត្រ ក្នុងបរិមាណទឹកពី ១០០-២០០លីត្រ និងបាញ់ក្នុងចន្លោះពេលចាប់ពី ៥-១៥ ថ្ងៃម្ដង អាស្រ័យតាមស្ថានភាពដំណាំជាក់ស្ដែង។ ផ្ទុយទៅវិញ ប្រសិនបើបងប្អូនកសិករដែលពុំមានថវិកាគ្រប់គ្រាន់ ឬក៏ចង់ប្រើប្រាស់តែមួយមុខៗក៏ពុំមានជាបញ្ហាអ្វីដែរ។ ជាក់ស្ដែងដូចជាដំណាំហូបផ្លែ រួមមាន ស្វាយ ក្រូច ពុទ្រា ដូង ប័រ ជាដើម នៅពេលដែលបានប្រើជីទាំង៣មុខនេះបញ្ចូលគ្នា វាអាចធ្វើឱ្យដំណាំលូតលាស់ល្អ ផ្លែច្រើន គ្មានជំងឺ ចេញផ្កាច្រើន និងកាន់ផ្កាបានល្អ មិនមានសត្វល្អិតបំផ្លាញ។ ក្រៅពីលាយទឹកហើយបាញ់ កសិករក៏អាចលាយទឹកហើយស្រោចគល់ដំណាំក៏កាន់តែល្អ។ គួរបញ្ជាក់ថា លោកបានចេះជំនាញធ្វើជីនេះជាង១០ឆ្នាំមកហើយ ខណៈដែលលោកក៏ជាអ្នកជំនាញពីសាលាកសិកម្មស្រាប់ រួមជាមួយនឹងបទពិសោធន៍ស្រាវជ្រាវក៏ដូចជាចុះបង្រៀនប្រជាកសិករដោយផ្ទាល់ទៀតផង។

ទន្ទឹមនឹងនេះ អ្នកនាង ប៊ុន ចានីសិរីរ័ត្ន ជាអ្នកគ្រប់គ្រងការលក់បានប្រាប់ឲ្យដឹងថា សហគ្រាសផលិតជីធម្មជាតិ តូនីអេសអឹម បានដំណើរការជាយូរឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះ បើទោះជាមានបញ្ហាកូវីដ ក៏នៅតែបន្តផលិត និងលក់ចែកចាយដដែល ដោយគិតជាមធ្យមអាចរកចំណូលបានក្នុងចន្លោះពី ១ ០០០ ទៅ ៣ ០០០ដុល្លាក្នុងមួយខែ។

ដោយឡែកសម្រាប់អតិថិជនរបស់សហគ្រាសខាងលើ ភាគច្រើនជាអ្នកនៅតាមសហគមន៍ដែលធ្លាប់ទទួលបានការបណ្ដុះបណ្ដាល និងនៅតាមបណ្តាខេត្តផ្សេងៗទៀតដែលទទួលបានព័ត៌មាននៅតាមបណ្ដាញសង្គម។ យ៉ាងណាក៏ដោយ អ្នកនាងបានបញ្ជាក់ពីចក្ខុវិស័យថា នៅថ្ងៃខាងមុខនេះ សហគ្រាសនឹងពង្រីកអាជីវកម្មមួយនេះឱ្យកាន់តែធំ ក្នុងគោលបំណងចែករំលែក និងផ្ដល់នូវជីធម្មជាតិដែលមានគុណភាព មានប្រសិទ្ធភាពដល់សត្វ ដំណាំគ្រប់ប្រភេទដែលអាចជួយឱ្យប្រជាកសិករខ្មែរទទួលបានផលិតផលកសិផលល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញ ដែលអាចទទួលបានចំណូលខ្ពស់ ជួយកែប្រែជីវភាពគ្រួសារឲ្យកាន់ល្អប្រសើរផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ