ទោះបីស្ថិតនៅក្នុងរដូវកាលនៃជំងឺកូវីដ ប៉ុន្តែការប្រារព្ធពិធីសែនឆេងម៉េងនៅតែបន្តមាន

ភ្នំពេញ ៖ ជាប្រពៃណី និងទំនៀមទម្លាប់នៅរៀងរាល់ដើមខែមេសា ចាប់ពីថ្ងៃទី1 រហូតដល់ថ្ងៃទី5 ឬអាចឈានដល់មួយសប្ដាហ៍ ប្រជាជនខ្មែរដែលកាត់សែ​ស្រឡាយ​ចិនភាគច្រើន​តែងតែធ្វើការជួបជុំបងប្អូនកូនចៅ សាច់ញាតិរួមត្រកូលដើម្បីប្រារព្វពិធីសែនផ្នូរ ឬគេហៅថាសែនឆេងម៉េងជារៀងរាល់ឆ្នាំ។ យ៉ាងណា​ក៏ដោយ សម្រាប់ឆ្នាំនេះបើទោះបីជាកំពុងមានការគំរាមកំហែងពីការរាតត្បាតនៃជំងឺកូវីដ-19 ក៏ពិធីសែនមួយនេះនៅតែមានការរៀបចំ ប៉ុន្តែស្ថិតនៅក្នុងភាព​ប្រុងប្រយ័ត្ន។

អ្នកស្រី ទ្រី ចាន់ណាត ជាអាជីវករលក់ដូរមួយកន្លែងមានប្រសាសន៍ប្រាប់ឱ្យដឹងថា សម្រាប់សម្ភារៈសែនឆេងម៉េងក្នុងឆ្នាំនេះ អ្នកស្រីយកបន្តពីម៉ូយមកលក់​ដូចសព្វដងរួមមាន ក្រដាសសែន ទៀន ធូប នំពងទា និងភេសជ្ជៈជាដើម ប៉ុន្តែអ្នកស្រីបានកាត់បន្ថយមួយចំណែកធំ ពោលគឺកាត់បន្ថយតែពាក់កណ្តាល ដោយសារមើលទៅកត្តាសេដ្ឋកិច្ចហាក់មិនសូវល្អទេ ទំនិញឡើងថ្លៃ ហើយប្រជាពលរដ្ឋក៏មិនសូវជួបជុំដូចឆ្នាំមុនៗដែរ។

អ្នកស្រីលើកឡើងយ៉ាងដូច្នេះថា ៖ «ឆ្នាំនេះ សែនឆេងម៉េងខ្ញុំកាត់បន្ថយការយកឥវ៉ាន់សែនមកលក់ស្ទើរពាក់កណ្ដាល តែបើប្រភេទសម្ភារៈសែនគឺមានគ្រប់​មុខ​ដូចឆ្នាំមុនៗដែរ»។ អ្នកស្រីបន្តថា ៖ «ឆ្នាំនេះមិនសូវមានការជូបជុំច្រើននោះទេ ចឹងអ្នកទិញយកទៅសែនក៏ទិញតិចដែរ ដល់តែពេលចឹងបើយកមកច្រើន​ខ្លាច​សល់​ទុកចោលរហូតដល់ឆ្នាំក្រោយអាចខូចខាត»។ 

ដោយឡែកងាកមកចាប់អារម្មណ៍ជាមួយនឹងកញ្ញា ញ៉ ឡាលីន ដែលជានិស្សិតមួយរូបនៅរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងផងដែរថា នៅក្នុងឆ្នាំនេះគ្រួសារ​របស់​កញ្ញា​នឹងមានការរៀបចំសែនព្រេនក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ដោយសារបញ្ហាសេដ្ឋកិច្ចមិនសូវល្អ មិនចង់ចំណាយច្រើនពេកទៅលើការសែននេះទេ ហើយ​ម៉្យាងទៀត បងប្អូនដែលនៅខេត្តផ្សេងគ្នាពិបាកធ្វើដំណើរ ព្រោះមានការហាមធ្វើចរាចរណ៍ឆ្លងតំបន់។ កញ្ញាបានបញ្ជាក់ថា ៖ «ឆ្នាំនេះ គ្រួសារ​ខ្ញុំនៅ​តែ​សែនដដែល គ្រាន់តែយើងសែនតិចតួចជាមួយបងប្អូននៅស្រុកជិតៗគ្នាប៉ុណ្ណោះ មិនមានបងប្អូនមកពីតំបន់ឆ្ងាយៗនោះទេ ព្រោះខ្លាចខុសបំរាម​របស់​ក្រសួង​សុខាភិបាល និងខ្លាចឆ្លងជំងឺកូវីដដែលកំពុងរាលដាលនៅពេលបច្ចុប្បន្ន»។

សូមបញ្ជាក់ផងដែរថា ពិធីសែនព្រេនឆេងម៉េង ឬភាសាចិនហៅថា ឈីងមីង (Qing Ming)ជាពិធីសែនផ្នូរ ពិធីជម្រះចិត្តឱ្យជ្រះថ្លា ឬជាពិធីសម្អាត​ផ្នូរ​ជូនដូនតា ឪពុកម្ដាយដែលបានចែកឋានទៅក្នុងគោលបំណងសុំសេចក្ដីសុខ សេចក្ដីចម្រើន រកទទួលទានមានបាន។ ពិធីនេះគឺប្រហាក់ប្រហែល​ទៅនឹង​ពិធី​បង្សុកូលចេតិយរបស់ខ្មែរដែរ។

ពាក់ព័ន្ធទៅនឹងពិធីសែនឆេងម៉េងនេះ មានរឿងព្រេងតំណាលរបស់ជនជាតិចិនបានលើកឡើងថា ពិធីមួយនេះមានអាយុកាលជិត2,000ឆ្នាំមកហើយ ដោយ​កើតមានឡើងតាំងពីរជ្ជកាលចូវ។ គ្រានោះមានព្រះអង្គម្ចាស់មួយអង្គព្រះនាម វិន(Wen) នៃរាជវង្សចូវ និងអ្នកបម្រើឈ្មោះ ជី ហ្សីទួយ(Jie Zitui) បានរត់គេចពីសង្គ្រាមវង្វេងចូលទៅក្នុងព្រៃ។ ដោយគ្មានអាហារបរិភោគអស់ជាច្រើនថ្ងៃ និងបារម្ភខ្លាចចៅហ្វាយខ្លួនស្រេកឃ្លាន ជី ក៏ចៀរ​សាច់​ភ្លៅ​របស់ខ្លួនមកធ្វើម្ហូប។ ព្រះអង្គម្ចាស់ វិន សន្យាថានឹងផ្តល់រង្វាន់ដល់ ជី។

ក្រោយមកព្រះអង្គម្ចាស់ វិន បានធ្វើជាស្ដេចក៏ហៅ ជី ឱ្យទៅរស់នៅក្នុងរាជវាំង ឬក៏ផ្តល់ទ្រព្យសម្បត្តិ។ ប៉ុន្តែ ជី ដឹងថាជីវភាពក្នុងរាជវាំងមាន​ភាពស្មុគ​ស្មាញ​ណាស់ ហើយបើទទួលយកទ្រព្យសម្បត្តិអ្វីពីព្រះរាជាវិន គាត់មុខជានឹងជំពាក់គុណព្រះរាជា។ ម្យ៉ាងគាត់ក៏ចង់ផ្តល់ជាគំរូដល់ជនានុជនទាំងឡាយថា ការជួយយកអាសារព្រះរាជា គឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប មិនមែនជួយក្នុងបំណងយកអ្វីមកវិញឡើយ។ ដោយហេតុនោះ ជី បាននាំម្តាយ​ទៅរស់​នៅ​ក្នុង​ព្រៃភ្នំ។ ព្រះរាជា វិន បានឲ្យគេទៅតាមហៅ ជី ជាច្រើនដង ប៉ុន្តែ ជី នៅតែមិនព្រមចេញពីព្រៃ។ ព្រះរាជារឹតតែសព្វព្រះទ័យនឹង​ភាពមិន​លោភលន់​របស់ ជី និងចង់បានមនុស្សដូច ជី មកនៅជិតព្រះអង្គផង នឹកខ្ញាល់ខ្លះផង ក៏បានបញ្ជាឲ្យគេដុតព្រៃ ដែល ជី សម្ងំលាក់ខ្លួនក្នុងគោលបំណងឲ្យ ជី បង្ហាញ​ខ្លួន។ ប៉ុន្តែជាអកុសលព្រៃបានឆេះសន្ធោរសន្ធៅរហូត ជី ចេញមិនរួច ក៏ស្លាប់ក្នុងភ្នក់ភ្លើងនោះតែម្តងទៅ។

ព្រះរាជា វិន មានវិប្បដិសារីយ៉ាងខ្លាំងចំពោះរឿងនេះ ក៏ចេញបញ្ជាឱ្យគេពូនផ្នូរ ជី នៅទីនោះ ហើយហាមអ្នកភូមិមិនឱ្យប្រើប្រាស់ភ្លើង និងបរិភោគតែ​អាហារ​ត្រជាក់ចំនួនបីថ្ងៃដើម្បីកាន់ទុក្ខដល់វិញ្ញាណក្ខន្ធ ជី។ មិនតែប៉ុណ្ណោះ ព្រះអង្គបានចេញបញ្ជាឲ្យគេទៅបោសសំអាតផ្នូរ និងសែនព្រេនដល់ផ្នូររបស់ ជី ជាហូរហែជាពិសេសថ្ងៃខួបមរណៈរបស់ ជី។ តាំងពីពេលនោះមក ប្រពៃណីសែនផ្នូរដូនតាក៏ចាប់កំណើតឡើងរហូតដល់សព្វថ្ងៃ។

សូមប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមថែរក្សាសុខភាព និងអនាម័យ អនុវត្ត3កុំ 3ការពារ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី ទប់ស្កាត់​ការរីក​រាល​ដាលនៃជំងឺកូវីដ-19ទាំងអស់គ្នា៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ