ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីគម្រោងអាទិភាពសំខាន់ៗចំនួន៣ទៀតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួនទៀតរួមមានស្ពានឆ្លងទន្លេមេគង្គ ស្ពានឆ្លងកាត់បឹងទន្លេសាប និងគម្រោងផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះថា រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តដាក់យ៉ាងសំខាន់ទៅ លើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស រួមមានស្ពាន ផ្លូវថ្នល់តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្ត ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើរ និងបម្រើដល់វិស័យដឹកជញ្ជូនឲ្យកាន់តែងាយស្រួល និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
សម្រាប់គម្រោងអាទិភាពសំខាន់ៗដែលកំពុងសិក្សាដើម្បីឈានដល់ការកំណត់ពេលសាងសង់នាពេលខាងមុខនេះ រួមមានគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ពីខេត្តក្រចេះ និងខេត្តកំពង់ធំ ដោយមានកាសឲរសាងសង់ផ្លូវជាតិមួយខ្សែទៀតភ្ជាប់ជាមួយស្ពាន គម្រោងសាងសង់ស្ពានឆ្លងកាត់បឹងទន្លេសាប តភ្ជាប់រវាងខេត្តកំពង់ឆ្នាំ និងខេត្តកំពង់ធំ ដោយមានផ្លូវតភ្ជាប់ជាមួយស្ពាន និងគម្រោងសាងសង់ផ្លូវជាតិមួយខ្សែទៀតតភ្ជាប់រវាងខេត្តបាត់ដំបង និងខេត្តសៀមរាប ដែលទើបបានបញ្ចប់ការសិក្សា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់នេះត្រូវបានសាងសង់រួចរាល់ នឹងជួយសម្រួលដល់ការធ្វើដំណើរ ជាពិសេសជួយកាត់បន្ថយចម្ងាយផ្លូវ និងពេលវេលាក្នុងការដឹកជញ្ជូនយ៉ាងមានប្រសិទ្ធភាព និងជួយជំរុណកំណើនសេដ្ឋកិច្ចជាតិ។ សម្រាប់អ្នកខេត្តក្រចេះចង់ទៅកំពង់ធំ សៀមរាប មិនចាំបាច់ឆ្លងកាត់ខេត្តត្បូងឃ្មុំ កំពង់ចាមទៀតទេ សម្រាប់អ្នកខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ចង់ទៅខេត្តកំពង់ធំ សៀមរាប មិនចាំបាច់ឆ្លងកាត់ស្ពានព្រែកក្តាមទៀតទេ ហើយអ្នកខេត្តបាត់ដំបង់ ដែលចង់ទៅកាន់ខេត្តសៀមរាប កំពង់ធំ ក៏អាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយមិនចាំបាច់ឆ្លងកាត់ខេត្តបន្ទាយមានជ័យទៀតនោះទេ។ ដូច្នេះ តាមរយៈហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់នេះពិតជាមានភាពចាំបាច់ និងសារសំខាន់បំផុតសម្រាប់ពលរដ្ឋកម្ពុជា៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។